មន្ទីរសុខាភិបាលខេត្តជំរុញឱ្យមន្ត្រីសុខាភិបាលមូលដ្ឋានក្រើនរម្លឹកដល់​ប្រជាពលរដ្ឋ​ឱ្យមានការ​ប្រុងប្រយ័ត្នខ្ពស់ចំពោះ​បញ្ហាសុខភាពនៅ​ពេលអាកាសធាតុត្រជាក់ខ្លាំង

AKP កំពង់ស្ពឺ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ -លោក វេជ្ជបណ្ឌិត អោ វ៉ាន់ថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា “AKP” ឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ថា មន្ទីរសុខាភិបាលខេត្តបានបញ្ជូនមន្ត្រីជំនាញសុខាភិបាលឱ្យចុះដល់មូលដ្ឋាន ដើម្បីជំរុញឱ្យភ្នាក់ងារសុខាភិបាលមូលដ្ឋានធ្វើការអប់រំ ផ្សព្វផ្សាយ ក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាសុខភាព ខណៈអាកាសធាតុត្រជាក់ខ្លាំងឈានចូលមកដល់ហើយ​នៅដើមខែមករា ឆ្នាំ២០១៩នេះ។

លោក វេជ្ជបណ្ឌិត អោ វ៉ាន់ថេន បានបន្តថា ប្រជាពលរដ្ឋពិសេសកុមារ និងមនុស្សវ័យ ចំណាស់ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺឆ្លងផ្សេងៗដូចជា ផ្តាសាយ រលាកបំពង់ក ក្រពះ ពោះវៀន និងជំងឺរលាកទងសួត ដែលបណ្តាលមកពីអាកាសធាតុចុះត្រជាក់ខ្លាំង។ ចំពោះជំងឺផ្តាសាយ ធ្វើឱ្យអ្នកជំងឺមានអាការៈ ក្អក កណ្តាស់ ហៀរសំបោរ និងក្តៅខ្លួន ។ ចំណែកជំងឺរលាកទងសួតវិញ កើតឡើងបណ្តាលមកពីអ្នកជំងឺផ្តាសាយ បើទុកអ្នកជំងឺយូរមិនបានព្យាបាលឱ្យទាន់ពេលវេលា អាចបណ្តាលឱ្យស្លាប់បាន ដោយសារអ្នកជំងឺមានអាការៈហត់ដង្ហក់ និងថប់ដង្ហើម។ ដូចនេះមន្ត្រីសុខាភិបាលមូលដ្ឋានត្រូវក្រើនរម្លឹក និងធ្វើការណែនាំដល់ប្រជាពលរដ្ឋ ត្រូវស្លៀកពាក់ សម្លៀកបំពាក់ក្រាស់ៗ ដើម្បីការពារធាតុប្រជាក់ ពាក់ម៉ាស់ការពារមិនឱ្យធូលីហុយដើម្បីកាត់បន្ថយការចម្លងវីរុសពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងត្រូវឧស្សាហ៍លាងសម្អាតដៃនឹងសាប៊ូឱ្យបានញឹកញាប់ ដើម្បីការពារចម្លងរោគផ្សេងៗ ពិសេសប្រជាពលរដ្ឋកុំចោលសំរាមពាសវាលពាសកាល កុំខាកស្តោះទឹកមាត់ ឬកំហាក  ដើម្បីកុំឱ្យមេរោគចម្លងដល់អ្នកផ្សេងៗទៀតបាន។

ទន្ទឹមនឹងនេះមន្ត្រីសុខាភិបាលត្រូវជំរុញឱ្យប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នផងដែរចំពោះបញ្ហាពុលចំណីអាហារ ព្រោះការពុលចំណីអាហារនេះអាចកើតឡើងគ្រប់រដូវកាលមិនថារដូវក្តៅ ឬត្រជាក់នោះទេ។  ដូចនេះប្រជាពលរដ្ឋយើងត្រូវប្រើប្រាស់ទឹកស្អាត ឬទឹកដាំពុះក្តៅអ៊ុន ៗ ហាមប្រើថ្នាំប្រភេទអង់ទីប៊ីយូទិក ដោយគ្មានវេជ្ជបញ្ជា ត្រូវបរិភោគអាហារដែលមានពណ៌បៃតង និងលាងសម្អាតត្រីសាច់ បន្លែ ឱ្យបានស្អាតនិងមានអនាម័យ។

ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត អោ វ៉ាន់ថេន បានធ្វើការអប់រំ អំពាវនាវដល់ប្រជាពលរដ្ឋ នៅពេលដែលមានបញ្ហាសុខភាពត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ ដើម្បីឱ្យគ្រូពេទ្យពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា​ ហើយគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាពត្រូវបង្កើនការយកចិត្តទុកដាក់ ព្យាបាលជំងឺដល់ប្រជាពលរដ្ឋ ពិសេសទារក កុមារ និងមនុស្សវ័យចំណាស់។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានបង្ហាញថា នៅប្រទេសកម្ពុជានឹងចាប់ផ្តើមចុះត្រជាក់ពីថ្ងៃទី៣០ និង៣១ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ដើមខែមករា ឆ្នាំ២០១៩នេះ និងចុះត្រជាក់ខ្លាំងនៅចុងខែមករា ឬនៅដើមខែកុម្ភៈ ឆ្នាំ២០១៩ ពិសេសនៅតាមតំបន់ភ្នំដែលមានស៊ីតុណ្ហភាពគិតជាមធ្យម ពី១៥ ទៅ ១៧អង្សាសេ និងពី១៩ ទៅ២០អង្សាសេ នៅតំបន់ខ្ពង់រាបកណ្តាល៕

ដោយ លឹម សាន្ត