ក្រសួងដែនដីចាប់ផ្តើមគ្រប់គ្រងសំណង់ទំាងអស់ឲ្យមានប្រព័ន្ធចំរុះទឹកសម្អុយ

វិទ្យុជាតិកម្ពុជា៖អត្ថបទលោកស្រីធីណា ឌីណេភ្នំពេញ៖ក្រសួងដែនដីចាប់ផ្តើមគ្រប់គ្រងសំណង់ទាំងអស់ឲ្យមានប្រព័ន្ធចំរុះទឹកសម្អុយ ហើយណែនាំឲ្យមន្រ្តីក្រោមឱវាទ មុននឹងអនុញ្ញាឲ្យក្រុមហ៊ុនធ្វើការសាងសង់ ត្រូវភ្ជាប់ជាមួយប្លង់គំរូប្រព័ន្ធលូ សំរាប់ធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ជាមុនសិន ទើបក្រសួងអនុញ្ញាចេញច្បាប់សាងសង់ ដើម្បីការពារកុំអោយទឹកកខ្វក់ ហូរចូលដោយផ្ទាល់ទៅក្នុងទន្លេ ស្ទឹង បឹងបួរនិងសមុទ្រនាំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ នឹងភ្ញៀវទេសចរដែលបានទៅងូតទឹកលេងកម្សាន្ត។ឯឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែន ដីនគរូបនីយកម្មនិងសំណង់បានបញ្ជាដល់មន្ទីររៀបចំដែនដីរាជធានី ខេត្តទាំងអស់ហាមដាច់ខាតមិនត្រូវចុះហត្ថលេខាឲ្យក្រុមហ៊ុនសាងសង់សំណង់បូរី សណ្ឋាគារផ្ទះសំណាក់ ភោជនីយដ្ឋានឬតំបន់សំរាកលំហែកាយនៅតាម តំបន់ទេសចរណ៍ឡើយ ប្រសិនបើមិនបានភ្ជាប់ជាមួយប្លង់គំរូប្រព័ន្ធលូ សំរាប់ធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ជាមុនសិននោះ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានអៈអាងថា ប្រសិនបើប្រធានមន្ទីរឬមន្រ្តីក្រោមឱវាទរូបណាហ៊ានចុះហត្ថលេខាដោយពុំបានសិក្សាពីបច្ចេកទេសនៃប្រព័ន្ធចំរុះទឹកសម្អុយនេះ នឹងត្រូវប្រឈមមុខទទួលខុសត្រូវចំពោះមុខច្បាប់។ការជំរុញអោយមន្រ្តីរបស់ខ្លួនពង្រឹងការគ្រប់គ្រងការស្ថាបនាប្រព័ន្ធចំរុះទឹកសម្អុយ មុនបង្ហូរដោយផ្ទាល់ចូលទៅក្នុងលូមេ សាធារណៈឬទឹកទន្លេ ទឹកសមុទ្រស្ទឹងបឹងបួរនោះ បានធ្វើឡើងបន្ទាប់ពីខេត្តទេសចរណ៍មួយចំនួនពិសេសនៅខេត្តព្រះសីហនុដោយគ្រប់ប្រព័ន្ធលូទាំងអស់ ត្រូវបានបង្ហូរចូលក្នុង សមុទ្រ ដែលធ្វើឲ្យទឹកសមុទ្រ មានខ្លិនស្អុយ ប៉ះពាល់សុខភាពប្រជាពលរដ្ឋ នឹងភ្ញៀវទេសចរជាតិ-អន្តរជាតិផងដែរ។សម្លេង« ជាជំហានទី១ត្រូវដោះស្រាយទឹកកខ្វក់កុំឲ្យហូរ ចូលសមុទ្រ ជំហានទី២ គ្រប់ការដ្ឋានថ្មី មុននឹងទទួលសំណើត្រូវមើលការដ្ឋាននោះឲ្យរៀបចំប្រព័ន្ធប្រព្រឹត្តិកម្ម ទឹកកខ្វក់ចេញ សិន ទើបទទួល យក ឯកសារ យកមក ពិនិត្យនេះគឺជាលក្ខខណ្ឌ គ្រប់សណ្ឋាគារ អាហារដ្ឋាន ភោជនីយដ្ឋាន និងបុរី លំនៅដ្ឋាន ត្រូវតែធ្វើប្លង់ប្រព្រឹត្តកម្មទឹកកខ្វក់ឲ្យហើយសិនទើបសុំយកឯកសារនោះមក ពិនិត្យនៅក្រសួង ហើយ ជំហានទី៣ គ្រប់លំនៅដ្ឋានឯកជនទាំងអស់ ត្រូវខិតខំរកក្រុមហ៊ុនដើម្បីកសាងអាងប្រព្រឹត្តកម្ម ទឹកកខ្វក់តាមគ្រួសារ»។លោកជិន សេង អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុបានឲ្យដឹងថា អង្គភាពជំនាញនៅក្នុងខេត្តព្រះសីហនុបានសម្រេចសាងសង់ស្ថានីយ៍បូមទឹកនិងចម្រុះទឹកស្អុយចំនួន៤កន្លែង ដើម្បីបញ្ជៀសការបង្ហូរទឹកស្អុយចូលទៅក្នុងសមុទ្រដោយផ្ទាល់ ដើម្បីការបរិស្ថាន និងធានាអោយឆ្នេរសមុទ្រកម្ពុជានៅតែបន្តជាឆ្នេសមុទ្រស្អាតជាងគេនៅលើលោក។សូមបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាទឹកស្អុយនៅក្នុងខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានសម្រេចទម្លាក់កញ្ចប់ថវិកាជាង៣លានដុល្លា ដើម្បីសាងសង់អាងប្រព្រឹត្តកម្មចំរុះទឹកសម្អុយ មុនបង្ហូរចូល សមុទ្រ ដោយគ្រោងអោយហើយនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យទៅលេងខេត្តព្រះសីហនុអោយបានច្រើនកុះករបន្ថែមទៀត៕