អាជ្ញាធរខេត្តបន្ទាយមានជ័យត្រៀមរៀបចំមីទ្ធិញអបអរខួប៤០ឆ្នាំនៃថ្ងៃជ័យជម្នះ៧មករា

 វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយអាត ចន្ធូ

 ភ្នំពេញ៖ អជ្ញាធរខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នឹងមានការរៀបចំមីទ្ធិញអបអរសាទរខួប៤០ឆ្នាំនៃថ្ងៃជ័យជម្នះ៧មករា នៅថ្នាក់ខេត្ត ដើម្បីរំលឹកដល់វិរៈជនស្នេហាជាតិ ដែលបានលះបង់ជីវិត ក្នុងសមរភូមិផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ក៏ដូចជាក្រើនរំឭកយុវជនជំនាន់ក្រោយឲ្យបានយល់ដឹង ថ្ងៃជាប្រវត្តិសាស្ដ្រ ដើម្បីការពារទប់ស្ដាត់កុំឲ្យរបបនេះវិលមកវិញជាថ្មីម្ដងទៀត ។

ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុជាតិកម្ពុជាថា មីទ្ទិញមហាជននៅថ្នាក់ខេត្តនេះ  នឹងធ្វើនៅថ្ងៃទី ១២ មករា  ដោយមានការចូលរួមពីមន្រ្ដីរាជការ សិស្ស និសិត្ស កម្មករ កម្មការិនី អង្គការសង្គមស៊ីវិលប្រមាណជាងមួយពាន់នាក់។ ឯកឧត្តមបន្តថា ក្នុងឱកាសខួបអនុស្សាវរីយ៍៤០ឆ្នាំ នៃថ្ងៃ៧មករាខាងមុខនេះ នៅតាមដងផ្លូវសាធារណៈ ក៏ដូចជានៅតាមទីប្រជុំជននានាក្នុងខេត្ត ក៏នឹងមានរៀបចំដោយចង់ទង់ជាតិ និងបដាពាក្យស្លោក ដើម្បីរំឭកដល់បុព្វការីជន វិរៈជន ដែលបានតស៊ូរំដោះជាតិពីរបបប៉ុលពត និងជាការចងចាំដល់យុវជន ដើម្បីរួមគ្នាថែរក្សានៅសុខសន្តិភាព ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងរកមកដោយលំបាក។

  សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រារព្ធខួបទិវាជ័យជំនះ៧មករា ជារៀងរាល់ឆ្នាំ  ដើម្បីរំឭកពីការរស់រានមានជីវិតរបស់ប្រជាកម្ពុជាឡើងវិញ និងការអភិវឌ្ឍរបស់ប្រទេសជាតិ បន្ទាប់ពីបានផ្តួលរំលំរបបពលពតបានដោយជោគជ័យ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០១៩នេះ តម្រូវបានសម្រេចធ្វើទ្រង់ទ្រាយធំ និងមានលក្ខណៈប្លែកអស្ចារ្យជាងឆ្នាំមុនៗក្នុងរាជធានីភ្នំពេញ ដោយមានមហាជនចូលរួមយ៉ាងច្រើនកុះករ រួមជាមួយនឹងការសម្តែងសិល្បៈនិងការក្បួនដង្ហែរថយន្តបុស្បុកមកពីបណ្តារាជធានីខេត្ត ដើម្បីបង្ហាញពីសក្តានុពល និងការអភិវឌ្ឍរយៈពេល៤០ឆ្នាំរបស់រាជធានីខេត្តនីមួយៗផងដែរ៕