ខេត្តកោះកុងចាប់ផ្តើមទទួលបានការវិនិយោគជាច្រើនពីវិនិយោគទុនជាតិ និង អន្តជាតិ

វិទ្យុជាតិកម្ពុជា៖ អត្ថបទកញ្ញា អ៊ី កនិកា
ភ្នំពេញ៖ ខេត្តកោះកុងចាប់ផ្តើមទទួលបានការវិនិយោគជាច្រើនពីវិនិយោគទុនជាតិ និង អន្តជាតិ ដែលបានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍ពីអាជ្ញាធរខេត្តកោះកុង ដែលបានផ្ញើមកពីវិទ្យុជាតិកម្ពុជា បានឲ្យដឹងថាខេត្តកោះកុង ទទួលបាន គម្រោងអភិវឌ្ឍន៍វារីអគ្គិសនី ចំនួនបីធំៗ មានដូចជា វារីអគ្គិសនីគិរីរម្យ៣ សាងសង់ដោយក្រុមហ៊ុន CETIC International Hydropower Development company limited វារីអគ្គិសនីឬស្សីជ្រុំក្រោម សាងសង់ដោយក្រុមហ៊ុន China Huadian lower Stung Russei Chrum Hydroelectric Project (Cambodia) company Limited និង វារីអគ្គិសនីតាតៃ សាងសង់ដោយក្រុមហ៊ុន Cambodian Tatay Hydropower Limited ដោយមាន អនុភាពសរុប ៦០២ ម៉េកាវ៉ាត់ ហើយបានចំណាយទុនវិនិយោគសរុបជាង ១ពាន់លានដុល្លាអាមេរិច។ បន្ថែមពីនេះទៀត មានការវិនិយោគដោយផ្ទាល់ចំនួន៦រោចក្រដូចជា ក្រុមហ៊ុន ខេ ខេ អិន ក្រុមហ៊ុន យ៉ាហ្សាគិ ក្រុមហ៊ុន ខេមកូ ក្រុមហ៊ុន មីកាហ្សា ក្រុមហ៊ុន ហាណា និងក្រុមហ៊ុន ៩៩ អ៊ឹមប្រយឌីរី ។
របាយការណ៍បានឲ្យដឹងថា ការវិនិយោគរោងចក្រក្នុងខេត្តកោះកុងបានជួយដោះស្រាយការងារជូនកម្មករនិយោជិក សរុបចំនួន ១០.៦២៣ នាក់ ស្ត្រីចំនួន ៧.៦៦៣នាក់ ដែលបានជួយអោយពួកគេមានជីវភាពធូធារ រស់នៅបានសមរម្យ។
អាជ្ញធរខេត្តកោះកុងបានឲ្យដឹងទៀតថា ខេត្តនេះក៏បានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិបានជាច្រើនផងដែរ ដោយសារតែខេត្តនេះសំបូរទៅដោយធនធានធម្មជាតិ មានតំបន់អេកូទេសចរណ៍ជាច្រើនកន្លែង មានតំបន់ឆ្នេរខ្សាច់មាន ចំនួន១១កន្លែង ដូចជា ឆ្នេរចាំយាម ឆ្នេរប៉ាក់ខ្លង ឆ្នេរពាមក្រសោប ឆ្នេរកោះកុងក្រៅ ឆ្នេរតារាសាគរ ឆ្នេរចម្លងគោ ឆ្នេរអាវយ៉ៃ ឆ្នេរប៉យជប៉ុន ឆ្នេរជ្រោយស្វាយ ឆ្នេរបឹងកាឆាង ឆ្នេរព្រែកខ្សាច់ វិស័យជាច្រើនបានលើកកម្ពស់ទៅដល់ សេដ្ឋកិច្ចជាតិ ៕