ប្រជាពលរដ្ឋកម្ពុជាចេញទៅកម្សាន្តនៅក្រៅប្រទេស​គឺមានការ​កើនឡើងប្រមាណ២០ភាគរយ ក្នុងឱកាសឆ្លងឆ្នាំសកលនេះ  

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ — ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឱ្យដឹងថា ក្នុងឱកាសឆ្លងឆ្នាំសកល២០១៨-២០១៩កន្លងមកនេះ មានប្រជាពលរដ្ឋកម្ពុជាចេញទៅដើរកម្សាន្ដនៅក្រៅប្រទេស គឺមានការ​កើន​ឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះគោលដៅទៅកាន់ប្រទេសចិន និងប្រទេសអឺរ៉ុប គឺមាន​ការ​កើនឡើងប្រមាណ ២០ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៧។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបញ្ជាក់​ឱ្យ​ដឹងកាលពីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះថា ការឆ្លងឆ្នាំសកលកន្លង​មកនេះ គឺមាន​ភ្ញៀវទេសចរដើរកម្សានកើនឡើងទាំងនៅក្នុងស្រុក និងក្រៅប្រទេសដោយសារតែ​ប្រទេស​មាន​សុខសន្ដិភាព និងជីវភាពរបស់ប្រជាពលរដ្ឋក៏ធូរធារជាងមុន ជាពិសេសការខិតខំប្រឹង ប្រែង​របស់រាជរដ្ឋាភិបាលដែលបានកសាង និងអភិវឌ្ឍន៍នូវតំបន់ទេសចរណ៍ ព្រមទាំងបង្កើន​ផលិតផលទេសចរណ៍នៅគ្រប់ទីកន្លែងទូទាំងប្រទេស។ លោកជំទាវបានបញ្ជាក់ថា ការកើន​ឡើងភ្ញៀវទេសចរ​ក្នុងស្រុកចេញទៅកម្សាន្ដនៅក្រៅប្រទេសនេះ គឺដោយសារតែបច្ចុប្បន្នមាន​ជើងហោះហើរត្រង់ច្រើននិងមានក្រុមហ៊ុនទេសចរណ៍រៀបចំកញ្ចប់ទេសចរណ៍ក្នុង​តម្លៃប្រកួត​​ ប្រជែង ដើម្បីបង្ក​លក្ខណៈដល់ពលរដ្ឋកម្ពុជា ជាពិសេសយុវជន យុវនារី មានឱកាស​ចេញទៅ​សិក្សាឈ្វេងយល់ពីការធ្វើអាជីវកម្មផ្សេងៗ នៅតាមបណ្ដាប្រទេសរីកចម្រើនមួយចំនួន ក្រៅពី ការធ្វើទេសចរណ៍កម្សាន្ដនោះ ដើម្បី​ដកស្រង់នូវបទពិសោធន៍ពីប្រទេស​គេមកធ្វើការអភិវឌ្ឍ ក្នុងប្រទេសរបស់ខ្លួន។ លោកជំទាវបានលើកឡើងថា ក្នុងអំឡុងពិធីឆ្លងឆ្នាំសកលកន្លងមក មានប្រជាពលរដ្ឋកម្ពុជាប្រមាណជិត២ម៉ឺននាក់ បានចាកចេញទៅកម្សាន្ដនៅក្រៅប្រទេស ក្នុងនោះ ធ្វើដំណើរទៅប្រទេសចិន ប្រទេសអឺរ៉ុប និងប្រទេសមួយចំនួនទៀតក្នុងតំបន់។លោកជំទាវបានបន្ដថា ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរជាតិ និងអន្ដរជាតិ​ដែល​មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនោះ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងទេសចរណ៍ គួរតែពង្រីក​នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក៏ដូចជារមណីយដ្ឋានកែច្នៃ និងធម្មជាតិ ផលិតផល ទេសចរណ៍ ព្រមទាំងពង្រីកនូវគោលដៅទេសចរណ៍នៅក្នុងស្រុកឱ្យបានច្រើនកន្លែងបន្ថែម ទៀត ដើម្បីបង្កើនការ​គាំទ្រផលិតផលទេសចរណ៍ក្នុងស្រុក។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងឱកាសឆ្លងឆ្នាំសកល នេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង៣.១៤៤.៤៣៤នាក់ បានចេញដើរ​ទស្សនា កម្សាន្តនៅទូទាំងប្រទេស។ ឯកឧត្តមបានគូសបញ្ជាក់ថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋកម្ពុជា ដែលបានដើរកម្សាន្តនាឱកាសឆ្លងឆ្នាំសកលនេះគឺមានការកើនឡើងប្រមាណ២៥.៧៨ភាគរយក្នុងនោះភ្ញៀវជាតិកើនឡើង២៥.៣២ភាគរយ និងភ្ញៀវអន្តរជាតិកើនឡើង ៤១.៦០ភាគរយ បើធៀបទៅនឹងឆ្នាំមុន។ ឯកឧត្តមរដ្ឋមន្រ្ដីបានអះអាងថា ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែល​បានចូលរួមកម្សាន្ត សប្បាយឆ្លងឆ្នាំសកលនៅរាជធានីភ្នំពេញ គឺមានចំនួនច្រើនជាងគេគឺ ប្រមាណ​២.២០០.០០០នាក់ ក្នុងនោះ បានទៅទស្សនាកម្សាន្តនៅវិមានអនុស្សាវរីយ៍​នយោ​បាយ ឈ្នះ-ឈ្នះ គឺមានប្រមាណ២លាននាក់៕

ដោយ អ៊ុន រិទ្ធី