សម្តេចក្រឡាហោម ស ខេង៖ មិនទាន់ឃើញមានអតីតមន្ត្រីគណបក្សប្រឆាំង ស្នើសុំផ្តល់សិទ្ធិនយោបាយនៅឡើយ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអះអាងថា រហូតមកដល់ពេលនេះមិនទាន់ឃើញមានអតីតមន្ត្រីគណបក្សសង្គ្រោះជាតិដែលជាប់បម្រាមស្នើសុំទៅក្រសួងមហាផ្ទៃដើម្បីមានសិទ្ធិធ្វើនយោបាយឡើងវិញនៅឡើយនោះទេ។ ការលើក ឡើងនេះ ស្របពេលដែលសេចក្តីស្នើវិសោធនកម្មមាត្រា៤៥ ថ្មី(ស្ទួន)នៃច្បាប់ស្តីពីគណបក្ស​នយោបាយ ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសទទួលស្គាល់ថាជាសេចក្តីស្នើច្បាប់ស្រប តាម ធម្មនុញ្ញភាពកាលពីថ្មីៗកន្លងមកនេះ គឺនៅតែរង់ចាំ ព្រះមហាក្សត្រឡាយព្រះហស្ថលេខា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះទេ។ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីចូលរួមក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី១ នីតិកាលទី៦ កាលពីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា មកដល់ពេលនេះមិនទាន់មានអតីតមន្ត្រីគណបក្សសង្គ្រោះ​ជាតិ​ដាក់ពាក្យស្នើសុំ ដើម្បីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញនៅឡើយទេ។ សម្តេចក្រឡា​ហោមបន្តថា ការមិនទាន់ស្នើសុំនេះ ដោយសារតែមន្ត្រីទាំងនោះគិតថាច្បាប់សេចក្តី ស្នើ​វិសោធន​កម្មមាត្រា៤៥ថ្មី (ស្ទូន)នៃច្បាប់ស្តីពីគណបក្សនយោបាយមិនទាន់ត្រូវបានព្រះមហា​ក្សត្រទ្រង់ឡាយព្រះហស្ថលេខានោះទេ។ នៅពេលច្បាប់នេះចូលជាធរមានទើប យើងដឹង ។ សម្តេចក្រឡាហោមបានបន្ថែមថា” បញ្ជានេះខ្ញុំមិនអាចនិយាយបានទេ វាមានករណីប៉ុន្តែយើង មិនអាចវាយតម្លៃស្មានៗបានទេ ទាល់តែមានឯកសារត្រឹមត្រូវ”។

ទាក់ទងនឹងករណីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ថាតើអាច នឹងត្រូវបានផ្តល់សិទ្ធិសេរីភាពនយោបាយវិញ ឬយ៉ាងណានោះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ករណីលោក កឹម សុខា ត្រូវបានសិក្សាពីបញ្ហាខាងដើមឡើងវិញ អំពីមូល​ហេតុរបស់គាត់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយករណីលោក កឹម សុខា កំពុងតែស្ថិតក្នុង​នីតិវិធីរបស់តុលាការ ដូច្នេះមិនអាចនិយាយបានថាត្រូវផ្តល់សិទ្ធិ ឬមិនផ្តល់សិទ្ធិនោះទេ។

សូមរម្លឹកថា សេចក្តីស្នើវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន)ត្រូវបានអ្នកតំណាងរាស្ត្រចំនួន ៨៧រូប បានស្នើសុំធ្វើវិសោធនកម្មទៅជាសេចក្តីស្នើច្បាប់មាត្រា៤៥ថ្មី(ស្ទូនមួយ) បន្ទាប់ពី តុលាការកំពូលបានចេញដីកាហាមឃាត់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ១១៨នាក់ មិនឱ្យ ធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ក្នុងសេចក្តីស្នើច្បាប់មាត្រា៤៥ថ្មី(ស្ទូនមួយ) មានខ្លឹមសារថា បុគ្គលដែលត្រូវតុលាការសម្រេច ហាមឃាត់ការធ្វើសកម្មភាពនយោបាយមិន​អាច​បង្កើត​គណ​បក្សនយោបាយ ឬចូលរួមក្នុងគណបក្សនយោបាយណាមួយ ឬឈរឈ្មោះ ឱ្យគេបោះឆ្នោត ឬធ្វើសកម្មភាពណាមួយគាំទ្រ ឬប្រឆាំង គណបក្សណាមួយបានឡើយ។ បុគ្គលដែលបាន​តុលាការសម្រេចហាមឃាត់ ការធ្វើសកម្មភាពនយោបាយនេះ នឹងអាចទទួលបានវិញនូវ​សិទ្ធិ​នយោបាយពេញលេញ ដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ ដែល កំណត់​ដោយសាលដីការបស់តុលាការកំពូល ឬក្នុងករណីដែលបុគ្គលនោះ ត្រូវបាន ផ្តល់នីតិ សម្បទាឡើងវិញ ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី និងតាម​សេចក្តីស្នើ​សុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

ដោយ ប៊ុនរិទ្ធ