៧មករា ក្នុងស្មារតីចងចាំរបស់ប្រជាជនកម្ពុជា បើទោះបីរយៈពេល៤០ឆ្នាំកន្លងទៅក៏ដោយ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖លោក វ៉ាង ភក្តី

ភ្នំពេញ៖ រំឭកដល់ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាដែលមានអាយុលើសពី៤០ឆ្នាំឡើងទៅ នៅចងចាំថា ជាថ្ងៃកំណើតទី២ នៃការរស់ឡើងវិញបន្ទាប់ពី របបវាលពិឃាត ដឹកនាំដោយបនប្រល័យពូជសាសន៍ប៉ុល ពត ត្រូវបានវាយផ្ដួលរំលំដោយរណៈសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា។

ប្រជាជនកម្ពុជាទាំងអស់ ពិតជាមិនអាចបំភ្លេចបានឡើយ នូវអតីតកាលដ៏ងងឹតសូន្យសុង ដែលពោរពេញទៅដោយទុក្ខវេទនា ការឈឺចាប់ខ្លោចផ្សា និរាស ព្រាត់ប្រាស់ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។

ក្រោយថ្ងៃ ១៧មេសា ឆ្នាំ១៩៧៥ ពួក ប៉ុល ពត បានឆក់ប្លន់យកទាំងស្រុងនូវសិទ្ធិសេរីភាព របស់ប្រជាជន និងបានយកប្រជាជនធ្វើជាទាសករ ធ្វើទារុណកម្មនិងបង្ខំឲ្យធ្វើពលីកម្មយ៉ាងធ្ងន់ធ្ងររស់ដូចជាសត្វធាតុ ក្នុងភាពភ័យរន្ធត់រកទីបំផុតគ្មាន។ ប្រជាជនកម្ពុជាជាង៣លាននាក់ត្រូវពួកឧក្រិដ្ឋជនអាវខ្មៅកាប់សម្លាប់យ៉ាងអណោចអធម៌។ ចំណែកសង្គមជាតិទាំងមូល ត្រូវបានបំផ្លាញទាំងស្រុងនូវរចនាសម្ព័ន្ធនានា ដល់ឫសគល់។

ប្រាកដណាស់ បើគ្មានការជួយសង្គ្រោះឲ្យទាន់ពេលវេលានោះទេ ប្រជាជនកម្ពុជានឹងត្រូវពួកឃាតករបន្តកាប់សម្លាប់រង្គាលយ៉ាងព្រៃផ្សៃ គ្មានថ្ងៃបញ្ចប់ឡើយ។

ថ្ងៃ៧ មករា កាលពី៤០ឆ្នាំមុន គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងនូវទំព័រសករាជថ្មីគឺ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការជួយដោយស្ម័គ្រចិត្តពីវីរកងទ័ពស្ម័គ្រវៀតណាម បានលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងការពារការរស់ឡើងវិញពីរបបវាលពិឃាត ដ៏ព្រៃផ្សៃ។

ប្រាកដណាស់ «ប្រវត្តិសាស្ត្រ មិនមែនជាការនិពន្ធទេ ប៉ុន្តែគឺជាអ្វីៗដែលមានពិត និងមិនអាចប្រកែកបានឡើយ»។ ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ ប្រជាពលរដ្ឋសប្បាយរីករាយចំពោះការរស់រានមានជីវិតឡើងវិញ ក្នុងខណៈកម្ពុជាត្រូវប្រឈមនឹងឧបសគ្គផលលំបាករាប់ម៉ឺនជំពូក ដោយដៃម្ខាងខិតខំកសាងអភិវឌ្ឍន៍កម្ពុជាពីបាតដៃទទេ ក្នុងគ្រាដែល កម្ពុជាត្រូវទទួលរងនូវការហ៊ុមព័ទ្ធ ទាំងខាងនយោបាយ និងសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ពីសំណាក់ប្រទេសមួយចំនួន ដែល ប៉ុនប៉ងកម្ចាត់សាធារណរដ្ឋប្រជាមានិតកម្ពុជា និងដៃម្ខាងការពារកុំឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ។

ទំរាំមានថ្ងៃនេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានបង្កើតនូវចលនាតស៊ូរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា២ធ្នូ ដោយមានស្ថាបនិកសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមនិងវីរជនខ្មែរ បានប្រឹងប្រែងអស់ពីកម្លំាងកាយចិត្តក្នុងបុព្វហេតុជាតិ និងប្រជាជន ព្រមទាំងបានយកអាយុជីវិតប្តូរនឹងសេចក្តីសុខរបស់ប្រជាជននិងការរីកចម្រើនប្រទេសជាតិ។

សច្ចធម៌ប្រវត្តិសាស្ត្រនៃសមិទ្ធផលរយៈពេល៤០ឆ្នាំ ក្រោយថ្ងៃរំដោះជាតិ និងប្រជាជន គឺជាមេរៀនដែលកូនខ្មែរគ្រប់រូប និងគ្រប់ជំនាន់ត្រូវចងចាំ និងការពារឲ្យបាននូវ បុព្វហេតុកសាងសន្តិភាព ការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ និងក្រោយនយោបាយ ឈ្នះ ឈ្នះ ឆ្នាំ១៩៩៨ ដែលនាំឲ្យកម្ពុជាមានការរីកចម្រើននិងមានការទទួលស្គាល់ពី សហគមន៍អន្តរជាតិទាំងផ្នែកនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ ជាដើម។

សរុបមក ប្រសិនបើមិនមានថ្ងៃ៧ មករាទេនោះ ប្រទេសកម្ពុជា ក៏មិនមានសុខសន្តិភាព មានការអភិវឌ្ឍ និងរីកចម្រើន ហើយប្រជាជន ក៏មិនមានភាពសម្បូរណ៍សប្បាយ ដូចសព្វថ្ងៃនេះដែរ។ ដូច្នេះ ប្រជាជនកម្ពុជា មិនគួរមើលរំលងថ្ងៃជ័យជម្នះ៧មករាឆ្នាំ១៩៧៩នោះទេ ព្រោះជាថ្ងៃដែលធ្វើឲ្យប្រជាជនខ្មែរទូទាំងប្រទេសរួចផុតអន្លង់មរណៈនៃរបបប្រល័យពូជសាសន៍។

ការលើកកម្ពស់ការចងចាំនូវគុណូបការៈដ៏ថ្លៃថ្លានៃទិវាជ័យជម្នះ ៧មករា និងការខិតខំពូនជ្រុំ រាល់សមិទ្ធផលនៃសង្គមជាតិ គឺជាការចូលរួមយ៉ាងសកម្មក្នុងការកសាង និងការពារមាតុភូមិឲ្យបានស្ថិតស្ថេរ រឹងមាំ ក្នុងឯករាជភាព សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាព៕