រាជរដ្ឋាភិបាលសម្រេចបង្កើនលទ្ធភាពផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យដល់ជាង ២៨០០មេហ្គាវ៉ាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយ លោកហុក សុខរិន

 

ភ្នំពេញ៖ រាជរដ្ឋាភិបាលសម្រេចបង្កើនលទ្ធភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីឲ្យដល់ជាង ២ ៨៧០មេហ្គាវ៉ាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងកំណើនការពង្រីករោងចក្រសហគ្រាសនៅកម្ពុជា។

មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថា ការពង្រីកលទ្ធិភាពផ្គត់ផ្គង់អគ្គិសនីជូនប្រជាពលរដ្ឋរហូតដល់ជិត៣ពាន់មេហ្គាវ៉ាត់នេះ ដោយសារតែកំណើននៃការប្រើប្រាស់អគ្គិសនីក្នុងរយៈពេលចុងក្រោយនេះ បានកើនឡើងយ៉ាងច្រើនហួសប្រមាណលើសពីការរំពឹងទុក ពិសេសការពង្រីកគម្រោងវិនិយោគនានាទំាងសំណង់និងរោងចក្រសហគ្រាសដែលត្រូវការថាមពលអគ្គិសនីជាច្រើន។

ឯកឧត្តម វ៉ិចទ័រ ហ្ស៊ូណា អ្នកនាំពាក្យក្រសួងរ៉ែនិងពលបានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្គត់ផ្គង់នេះ បានធ្វើឡើងបន្ទាប់ពីក្រសួងទទួលបានប្រភពថាមពលបន្ថែមពីរោងចក្រផលិតធ្យូងថ្មនៅខេត្តព្រះសីហនុ ការបើកអោយដំណើរការពេញលេញនៃរោងចក្រផលិតថាមពលអគ្គិសនីវារីអគ្គិសនីសេសានក្រោម២ និងគម្រោងដាក់អោយប្រើប្រាស់ថាមពលអគ្គិសនីដើរដោយថាមពល ពន្លឺព្រះអាទិត្យនៅចុងឆ្នាំ២០១៩នេះ។ បន្ថែមពីនេះទៀតគឺការនាំចូលប្រភពថាមពលអគ្គិសនីពីប្រទេសជិតខាងដូចជា ប្រទេស វៀតណាម ចំនួន២៧៧ មេហ្គាវ៉ាត់ ពីថៃចំនួនជាង ១៣៥ មេហ្គាវ៉ាត់ និងពីប្រទេសឡាវចំនួន ៣០ មេហ្គាវ៉ាត់។

ឯកឧត្តមបានបន្តថា ក្នុងផែនការបពង្រីកការផ្គត់ផ្គង់ប្រភពថាមពលអគ្គិសនីជូនដល់ប្រជាពលរដ្ឋនេះ រាជរដ្ឋាភិបាលក៏បានត្រៀមបញ្ចុះតម្លៃថ្លៃអគ្គិសនីផងដែរចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩នេះទៅ ដើម្បីជួយសម្រួលការចំណាយរបស់ប្រជាពលរដ្ឋ។

យោងតាមតារាងតម្លៃអគ្គិសនីសម្រាប់ឆ្នាំ ២០១៩ បានបង្ហាញថា សម្រាប់លំនៅឋានដែលប្រើប្រាស់អគ្គិសនីចាប់ពី ១ដល់១០ គីឡូវ៉ាត់ម៉ោងក្នុង ១ ខែ តម្លៃអគ្គិសនីនឹងត្រូវចុះពី ៤៨០ រៀលនៅឆ្នាំ ២០១៨ មកនៅ ៣៨០ រៀលឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ការប្រើប្រាស់ចាប់ពី ១១ដល់៥០ គីឡូវ៉ាត់ក្នុង ១ ខែ នឹងត្រូវចុះពី ៦១០ រៀលនៅឆ្នាំ ២០១៨ ទៅ ៤៨០ រៀលនៅឆ្នាំ ២០១៩ និងឆ្នាំ២០២០ ខណៈលំនៅឋានដែលប្រើចាប់ពី ៥១ដល់២០០ គីឡូវ៉ាត់ក្នុង ១ ខែតម្លៃអគ្គិសនីនឹងត្រូវចុះពី ៧៧០ រៀលនៅឆ្នាំ២០១៨ ទៅ ៦១០ រៀល។

លោកឆឹង ស៊ីណា តំណាងអគ្គិសនីជនបទបានឲ្យដឹងថា ប្រជាពលរដ្ឋនៅតាមជនបទ មានកំណើននៃការប្រើប្រាស់ថាមពលអគ្គិសនីកើនឡើងជិត២ដង ដោយសារការពង្រីកលំនៅដ្ឋានថ្មីនិងការប្រើប្រាស់សម្ភារៈអេឡិចត្រូនិចមានទូរទស្សន៍ កង្ហា ម៉ាស៊ីនបោកខោអាវ និងម៉ាស៊ីនត្រជាត់ជាដើម។ លោកបញ្ជាក់ថា ក្រុមសេវាករដែលជាសមាជិកនៃសមាគមអគ្គិសនីជនបទ នឹងខិតខំពង្រីកការតបណ្តាញអគ្គិសនីជូនដល់ប្រជាពលរដ្ឋដែលរស់នៅភូមិឆ្ងាយៗពី ខ្សែបណ្តាញជាតិ ដើម្បីអោយពួកគេមានលទ្ធភាពប្រើប្រាស់អគ្គិសនីដូចប្រជាពលរដ្ឋដ៏ទៃទៀត។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨កន្លងទៅនេះកម្ពុជាបានប្រើប្រាស់ប្រភពថាមមពលអគ្គិសនីក្នុងទំហំជាង២ ៦៥០ មេហ្គាវ៉ាត់ ដែលបានគ្រប់ដណ្តប់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាង៨៣ភាគរយ៕