វៀតណាម និងចក្រភពអង់គ្លេស រៀបចុះកិច្ចពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្រ្តី

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ — កាលពីថ្ងៃទី២ ខែមករា កិច្ចពិគ្រោះយោបល់ផ្នែកនយោបាយថ្នាក់អនុរដ្ឋមន្ត្រីការបរទេស រវាង វៀតណាម និងចក្រភពអង់គ្លេស បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។

ព្រឹត្តិការណ៍នេះត្រូវបានធ្វើជាសហប្រធានដោយអនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son និងរដ្ឋមន្រ្តីការបរទេសសម្រាប់អាស៊ី និងប៉ាស៊ីហ្វិកនៃចក្រភពអង់គ្លេស លោក Mark Field ។

ភាគីទាំងពីរបានផ្លាស់ប្តូរ និងឯកភាពគ្នាលើទិសដៅជាក់ស្តែង និងវិធានការដើម្បីអភិវឌ្ឍន៍ភាពជា ដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងចក្រភពអង់គ្លេស ក្នុងលក្ខណៈកាន់តែស៊ីជម្រៅក្នុងការអនុវត្តជាក់ស្តែង និងមានប្រសិទ្ធភាព ជាពិសេសក្នុងវិស័យនយោបាយ ការទូត សន្តិសុខ ការពារជាតិ វិនិយោគ អប់រំ ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងទេសចរណ៍។

ទាក់ទងនឹងចំណងទំនាក់ទំនងទ្វេភាគី លោក Son បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេសដែលជាសមាជិក អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងបញ្ហាតំបន់ និងសកលលោក។

ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងកិច្ចប្រជុំជាទៀងទាត់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរ បន្តអនុវត្តយន្តការនៃកិច្ចសន្ទនាជាយុទ្ធសាស្ត្រស្តីពីកិច្ចការការពារ និងការទូត ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់វេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ។

ដោយបានវាយតម្លៃខ្ពស់ចំពោះសមទ្ធិផលនៃកិច្ចអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងសមាហរណកម្មអន្តរជាតិរបស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ លោក Mark Field បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្ម នៅតែជាសសរស្តម្ភមួយក្នុងចំណោមភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងចក្រភពអង់គ្លេស៕

(ប្រភព VNAបកប្រែដោយលោក យា ចិន្តាខន្តី)