រដ្ឋមន្រ្តីវៀតណាមសង្ឃឹមចក្រភពអង់គ្លេសផ្តល់ការគាំទ្រ បន្ថែមទៀតសម្រាប់ការបង្កាបទឧក្រិដ្ឋ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ — រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ ឧត្តមសេនីយ៍ To Lam បានស្នើដល់រដ្ឋាភិបាលចក្រភពអង់គ្លេសឱ្យបន្តការគាំទ្រដល់វៀតណាមបន្ថែមទៀតក្នុងការបង្កើនសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងឧបករណ៍បច្ចេកទេសសម្រាប់ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអេឡិចត្រូនិច។

លោក Lam បានធ្វើសំណើរនេះកាលពីថ្ងៃទី ២ ខែមករា នៅពេលទទួលស្វាគមន៍រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកនៃការិយាល័យកិច្ចការបរទេសរបស់ចក្រភពអង់គ្លេស លោក Mark Field ដែលកំពុងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម។

លោកបានជូនពរដល់លោក Mark Field និងបុគ្គលិកនៅស្ថានទូតចក្រភពអង់គ្លេសប្រចាំទីក្រុងហាណូយសម្រាប់ឱកាសឆ្នាំថ្មីនូវសុខភាពល្អ សុភមង្គល និងភាពជោគជ័យ ហើយលោកសង្ឃឹមថា ភាពជាដៃគូយុទ្ធសាស្ត្រជាមួយប្រទេសនៅអឺរ៉ុបមួយនេះនឹងទទួលបានលទ្ធផលជាក់ស្តែងបន្ថែមទៀត។

លោក Lam បានអះអាងថា ក្រសួងរបស់លោកនឹងធ្វើការដើម្បីអនុវត្តអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការប្រឆាំងការជួញដូរមនុស្ស ប្រកបដោយប្រសិទ្ធភាព ដែលត្រូវបានចុះហត្ថលេខារវាង រដ្ឋាភិបាលទាំងពីរកាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ ។

លោកបានស្នើសុំឱ្យការិយាល័យបរទសរបស់ចក្រភពអង់គ្លេស បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភ្នាក់ងារអនុវត្តច្បាប់នៅចក្រភពអង់គ្លេស និងក្រសួងសន្តិសុខសាធារណៈ និងក្រសួងការបរទេស វៀតណាម ដើម្បីសម្រេចបាននូវខ្លឹមសារដែលបានព្រមព្រៀង។

រដ្ឋមន្ត្រីរូបនេះ ក៏បានស្នើឱ្យចក្រភពអង់គ្លេសជួយសម្រួលដល់ការផ្តល់ទិដ្ឋាការ ដល់ពលរដ្ឋ វៀតណាមដែលធ្វើការដោយស្របច្បាប់នៅចក្រភពអង់គ្លេសផងដែរ។

លោក Mark Field បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលចក្រភពអង់គ្លេសតែងតែយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ ជាមួយនឹងតួនាទីរបស់ក្រសួងសន្តិសុខសាធារណៈក្នុងការអនុវត្តច្បាប់ លោករំពឹងថា ក្រសួង និងស្ថាប័នពាក់ព័ន្ធរបស់ចក្រភពអង់គ្លេសនឹងសហការគ្នាបន្ថែមទៀត ដើម្បីរួមចំណែកធានានូវសណ្ដាប់ធ្នាប់សង្គម និងសន្តិសុខជាតិនៅក្នុងប្រទេសនីមួយៗ៕

(ប្រភព VNAបកប្រែដោយលោក យា ចិន្តាខន្តី)