លោកសាណាហាន​ត្រូវបានឡើងជារដ្ឋមន្ត្រីកាពារជាតិជំនួសលោកម៉ាទីស​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (០៣.០១.១៩)

អាមេរិក៖ ​ការចូលបំពេញការងារនៅថ្ងៃទីមួយជារដ្ឋមន្ត្រីការពារជាតិអាមេរិកស្តីទីលោកប៉ាទ្រីក សាណាហាន ​​ត្រូវបានធ្វើឡើង នៅថ្ងៃពុធ ទី ២ ខែមករានេះក្នុងបរិយាកាសមួយមិនល្អប្រសើរក្នុងពេលដែលលោកប្រធានាធិបតី ដូណាល់ត្រាំ បាននិយាយវាយប្រហារទៅលើ​លោកហ្សីម ម៉ាទីស​។

លោកសាណាហាន​​បានកាន់កាប់តំណែងកំពូលរបស់មន្ទីរប៉ង់តាហ្គោនកាលពីថ្ងៃទី ១ ខែមករានេះបន្ទាប់ពីលោកបានបម្រើកាងារជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ។លោកបានបោះជំហានលេចមុខក្នុងឆាកពិភពលោកនៅពេលដែលលោកម៉ាទីស​បានលាលែងពីតំណែងកាលពីខែមុនដោយសារមានការខ្វែងគំនិតគ្នាជាយូរមកហើយជាមួយលោកប្រធានាធិបតីដូណាល់ត្រាំ។

ក្នុងអំឡុងពេលនៃសុន្ទរកថាតាមទូរទស្សន៍មុនពេលកិច្ចប្រជុំគណៈរដ្ឋមន្រ្តីលើកទី ១ ប្រចាំឆ្នាំ ២០១៩ លោកត្រាំបានអះអាងថាលោកជាអ្នកបញ្ឈប់លោកម៉ាទីសក្នុងពេលដែលអតីតប្រធានមន្ទីរប៉ង់តាហ្គោនរូបនេះបានប្រកាសលាលែងចេញពីតំណែងដោយខ្លួនឯង
ដោយសារតែការខ្វែងគំនិតគ្នាជាច្រើនជាមួយលោកត្រំាក៏ដោយ។