រដ្ឋសភាអនុម័តលើសេចក្តីស្នើវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ -រដ្ឋសភានៃព្រះរាជណាចក្រកម្ពុជាបានអនុម័ត​ជាឯកច្ឆ័ន្ទលើសេចក្តីស្នើច្បាប់មាត្រា១៨នៃ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ។ សេចក្តីស្នើច្បាប់នេះត្រូវបានសមាជិករដ្ឋសភាចំនួន១០៨រូប នៃសមាជិកដែលចូលរួមក្នុង សម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៃរដ្ឋសភា ក្រោមអធិបតីភាពសម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩។

ឯកឧត្តម ជាម យៀប តំណាងក្រុមអ្នកតំណាងរាស្ត្រហត្ថលេខីបានលើកឡើ​ងក្នុង​សម័យប្រជុំពេញអង្គនេះថា ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា​ឆ្នាំ២០០៨។ ឯកឧត្តមបានបញ្ជាក់ថា បញ្ញត្តិមាត្រា១៨ នៃច្បាប់នះ បានចែងអំពីការកំណត់​ចំនួនសមាជិកក្រុមប្រឹក្សានីមួយៗ ដោយផ្អែកតាមកត្តាប្រជារាស្ត្រ និងកត្តាភូមិសាស្ត្រ នៃរដ្ឋ បាលដែនដីនីមួយៗ។ ឯកឧត្តមបន្តថា ក្នុងរយៈពេល១០ ឆ្នាំកន្លងមកនេះ បន្ទាប់ពីច្បាប់នេះ ចូលជាធរមាន បច្ចុប្បន្ន ស្ថានភាពប្រជាជននៅក្នុងប្រទេសកម្ពុជា មានការកើនឡើងជាលំ​ដាប់ ដែលតម្រូវឱ្យមានការលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្ដល់សេវា និងការអភិវឌ្ឍ ស្រប​ពេលដែលមុខងារនិងធនធាន ត្រូវបានផ្ទេរ ជាបន្តបន្ទាប់ ពីថ្នាក់ជាតិទៅរដ្ឋបាលថ្នាក់​ក្រោម ជាតិ។ ឯកឧត្តមបានបន្ថែមថា សេចក្តីស្នើច្បាប់នេះ ក្នុងគោលដៅ ដើម្បីឆ្លើយតបទៅនឹង​តម្រូវ ការរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ។ ទន្ទឹមនេះ ស្ថានភាពភូមិសាស្ត្រក៏ត្រូវបានកែ សម្រួល និងកំណត់ឱ្យបានកាន់តែច្បាស់លាស់ ស្របតាមការអភិវឌ្ឍរីកចម្រើននៃសេដ្ឋកិច្ច និងសង្គមផងដែរ។ ឯកឧត្តមបានឱ្យដឹងទៀតថា សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី​ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រង់មាត្រា១៨ គឺដើម្បីកំណត់ចំនួន​សមាជិក ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាខណ្ឌ ដែល សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានបង្កើន២១រូប ទៅដល់២៧រូប។ សមាជិកក្រុម ប្រឹក្សា ខេត្តត្រូវបង្កើនចន្លោះពី១៥ ដល់២៧រូប។ ចំណែកសមាជិកក្រុមប្រឹក្សាក្រុង ត្រូវបង្កើន​ចន្លោះ​ពី១១រូប ដល់២១រូប។ ដោយឡែកចំពោះសមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ត្រូវបានបង្កើនចន្លោះពី១១ ដល់២១រូប៕

ដោយ ប៊ុនរិទ្ធ