បន្លែធម្មជាតិមានសុវត្ថិភាពនៅតែមានតម្រូវការខ្ពស់នៅក្នុងខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ -អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យប្រជាពលរដ្ឋក្នុងខេត្តសៀមរាបខិតខំដាំបន្លែដែលមានសុវត្ថិភាពឱ្យបានច្រើនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ ខណៈបច្ចុប្បន្នតម្រូវការបន្លែប្រភេទនេះ មានការកើនឡើងខ្ពស់។

នៅក្នុងឱកាសពិធីប្រគល់សម្ភារកសិកម្មដល់ប្រជាកសិករ ក្នុងគម្រោងជំរុញផលិតកម្មស្បៀងឆ្នាំ២០១៧-២០១៨ កាលពីថ្ងៃពុធ ១១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស​២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានថ្លែងថា បច្ចុប្បន្ននេះខេត្តសៀមរាប មានតម្រូវការខ្ពស់ណាស់បន្លែរសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរដែលមកកម្សាន្ត ។ ដូច្នេះបើប្រជាកសិករនៅខេត្តសៀមរាប ខិតខំដាំដុះបន្លែសុវត្ថិភាពបានគ្រប់គ្រាន់នោះ ទី១-អាចកាត់បន្ថយបាននូវការនាំចូលបន្លែពីប្រទេសជិតខាង។ ទី២-អាចបង្កើនបាននូវប្រាក់ចំណូលគ្រួសារបន្ថែម។ ទី៣-អាចជួយដល់សុខភាពសាធារណជនទូទៅ ពិសេសភ្ញៀវទេសចរ។ ទី៤-កាត់បន្ថយចំណាកស្រុក។

លោកអភិបាលរងខេត្តបាន ជំរុញឱ្យប្រជាពលរដ្ឋក្នុងខេត្តសៀមរាបខិតខំដាំបន្លែដែលមានសុវត្ថិភាពឱ្យបានច្រើនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ ព្រោះបច្ចុប្បន្នតម្រូវការបន្លែប្រភេទនេះ មានការកើនឡើងខ្ពស់ណាស់។ ជាមួយគ្នានេះអាជ្ញាធរខេត្ត បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត ស្របគ្នាទៅនឹងគោលដៅអភិវឌ្ឍន៍ខេត្ត ដែលបានកំណត់ថា ទៅថ្ងៃអនាគត ផលិតកម្មកសិកម្ម នៅខេត្តសៀមរាប គឺផលិតឡើងប្រកបទៅដោយបរិមាណ និងគុណភាព សុវត្ថិភាពអាចផ្គត់ផ្គង់បានតាមតម្រូវការទីផ្សារ ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានឱ្យដឹងថា ឆ្នាំ២០១៧-២០១៨កន្លងទៅនេះ ជាឆ្នាំទី២នៃគម្រោង ហើយការងារអនុវត្តន៍កន្លងទៅក្រុមការងារសម្រេចបានរួមមាន៖ ១-ផ្នែកបន្លែសុវត្ថិភាព ប្រជាកសិករបានអនុវត្តន៍តាមបច្ចេក ទេសកសិកម្មល្អ ដែលមានខ្នាតតូច និងខ្នាតធំចំនួន១៦២គ្រួសារ លើផ្ទៃដីចំនួន២២១,៤០ហិក តា បានដាំបន្លែចំនួន ៣៦មុខ ដាំដុះបានពី៣ ទៅ៤ដង ក្នុងមួយឆ្នាំ ហើយទទួលបានបរិមាណផលបន្លែសុវត្ថិភាពចំនួន ១.៤៣២,៥០តោន នៅក្នុងស្រុកចំនួន៣ គឺស្រុកអង្គរធំ ប្រាសាទបាគង និងស្រុកសូទ្រនិគម។ ២-ផ្នែកដំណាំស្រូវ បានអនុវត្តន៍ស្រុកចំនួន ៤ស្រុក គឺ ស្រុកជីក្រែង ពួក ប្រាសាទបាគង និងស្រុកបន្ទាយស្រី ដែលមានប្រជាកសិករចំនួន ៧៧៦គ្រួសារ ផ្ទៃដីចំនួន ១.៣១៩ហិកតា ក្នុងនោះ ស្រូវចំណីចំនួន ១.២៨២ហិកតា បរិមាណផល ៣.៤៦០តោន ស្រូវពូជផ្ទៃដី ៣៧ហិកតា បរិមាណផល ១១០តោន។ ៣-ផ្នែកសហគមន៍អភិវឌ្ឍន៍កសិកម្ម បានចងក្រុមបន្លែ១២ក្រុម មានប្រជាកសិករ ១៦២គ្រួសារ  សហគមន៍បន្លែចំនួន៣សហគមន៍ មានសមាជិក៩៨ គ្រួសារ។ សហគមន៍ផលិតស្រូវ ១៤សហគមន៍ ទទួលបានប្រាក់ឧបត្ថម្ភធនទិញពូជស្រូវសរុបចំនួន ២៦៣.៣៦០.០០០រៀល។ ៤-ផ្នែកទីផ្សារផលិតផលកសិកម្ម គម្រោងបានផ្សាភ្ជាប់រវាងអ្នកប្រមូលទិញ និងអាជីវករលក់ដុំ លក់រាយចំនួន ៣៦នាក់បានទិញដោយផ្ទាល់នៅឯចម្ការ និងនាំយកមកលក់នៅទីផ្សារចំនួន៩ផ្សារ រួមមាន៖ ផ្សារសាមគ្គី ផ្សារដំដែក ផ្សាររលួស ផ្សារអង្រ្គង ផ្សារដើមក្រឡាញ់ ផ្សារចាស់ ផ្សារស្រះស្រង់ ផ្សារព្រះដាក់ខេត្តសៀមរាប និងផ្សារស្រុកស្ទោងខេត្តកំពង់ធំ ៕

ដោយ ឃុត សៅ