រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ ក្រសួងព័ត៌មានគ្រោងបង្កើតទូរទស្សន៍៣ ឬ៤ប៉ុស្ដិ៍បន្ថែមទៀត សម្រាប់​ប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ

AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ — រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ឱ្យដឹងថា ក្រសួងព័ត៌មានគ្រោងនឹងបង្កើតទូរទស្សន៍៣ ឬ៤ប៉ុស្ដិ៍ថែមទៀត ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន​របស់​ជាតិបន្ថែមលើការផ្សាយតាមគេហទំព័រ និងការផ្សាយជាសម្លេង។ ការលើកឡើងរបស់​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននេះ​ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយ​ទីភ្នាក់​ងារសារព័ត៌មានកម្ពុជាAKPនិងវិទ្យុជាតិកម្ពុជា កាលពីព្រឹកថ្ងៃទី០២ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ទូរទស្សន៍ដែលគ្រោងនឹងបង្កើតបន្ថែមនោះ​គឺសម្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKPនិងវិទ្យុជាតិកម្ពុជា ខណៈបច្ចុប្បន្នស្ថាប័នទាំងពីរ មានតែការផ្សព្វផ្សាយតាមគេហទំព័រ និងរលកធាតុអាកាស ជាសម្លេងតែប៉ុណ្ណោះ។ ឯកឧត្តម រដ្ឋ​មន្រ្ដីបានលើកឡើងថា សម្រាប់ការងារជាអាទិភាពបច្ចុប្បន្ន ស្ថាប័នជាតិទាំងពីរត្រូវបណ្តុះ បណ្តាលមន្ត្រីឱ្យមានសមត្ថភាពខាងជំនាញគ្រប់គ្រងបច្ចេកទេស អ្នកសរសេរវិចារណកថា បទអត្ថាធិប្បាយ និងអ្នកវិភាគព័ត៌មានស៊ីជម្រៅជាមុនសិន ដើម្បីធ្វើឱ្យទស្សនិកជន​និងប្រិយ មិត្តងាកមកគាំទ្រស្តាប់ និងទស្សនាបណ្តាញផ្សព្វផ្សាយព័ត៌មានរបស់ជាតិឱ្យ​កាន់តែច្រើន និងមានការប្រកួតប្រជែងខ្ពស់។ ជាមួយគ្នានេះក្រសួងព័ត៌មានក៏មានគម្រោងបង្កើតកន្លែងផ្ទុក ទិន្នន័យសំខាន់សម្រាប់ផ្តល់ភាពងាយស្រួលក្នុងការស្វែងរកឯកសារទាំងចាស់ ទាំងថ្មីដែល បន្សល់ទុកជាយូរមកហើយ។ឯកឧត្តមបានបន្ថែមថា​ បច្ចុប្បន្ននេះ មានកាសែតដែលផ្សាយជាប្រចាំ ចំនួន៥១២​អង្គភាព ព័ត៌មានព្រឹតិ្ដបត្រដែលផ្សាយតាមអនឡាញចំនួន៧២អង្គភាព ស្ថានីយទូរទស្សន៍ ផ្សាយតាមរលកធាតុអាកាស និងទូរទស្សន៍ខ្សែកាបទាំងផ្សាយផ្ទាល់ និងទាំងផ្សាយបន្តផ្ទាល់ មានចំនួនជាង២០០ និងស្ថានីយផ្សាយតាមប្រព័ន្ធឌីជីថលមានចំនួន៥។ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្ដីក៏បានកត់សម្គាល់ឃើញថា ទន្ទឹមនឹងការរីកចម្រើន ផ្នែក​ប្រព័ន្ធផ្សព្វផ្សាយ អ្នកសារព័ត៌មានកម្ពុជាក៏មានការអភិវឌ្ឍខ្លួនផ្នែកសមត្ថភាព វិជ្ជាជីវៈ និងមានអ្នកសារព័ត៌មានមួយចំនួនអាចប្រឡូកអាជីពសារព័ត៌មានជាមួយអង្គភាពសារព័ត៌មានបរទេសតាមរយៈការសរសេរ និងធ្វើបទវិភាគឱ្យសារព័ត៌មានល្បីៗរបស់ពិភពលោកផងដែរ៕

ដោយ គង់ សិរីរ័ត្ន រូបថត៖ ឯល វឌ្ឍនៈ