រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកទទួលបានភ្ញៀវទេសចរមកទស្សនាកម្សាន្ត ចំនួន៣២៥៩២៨នាក់

AKP កំពង់ធំ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ — លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងនៅព្រឹកថ្ងៃពុធ ១១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ថា ក្នុងឆ្នាំ២០១៨នេះ នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុកទទួលភ្ញៀវទេស ចរមកទស្សនាកម្សាន្តបានចំនួន៣២៥៩២៨នាក់ ក្នុងនោះភ្ញៀវជាតិចំនួន៣០៣២៤៧នាក់ និងភ្ញៀវអន្តរជាតិចំនួន២២៦៨១នាក់។

លោក សេង អាន បញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាពមានការ អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដោយស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលលរដ្ឋមាន ការរីកចម្រើន ដែលធ្វើឱ្យពួកគាត់មានលទ្ធភាពក្នុងការធ្វើដំណើរកម្សាន្ត។ ម្យ៉ាងទៀត តំបន់ ប្រាសាទសំបូរព្រៃគុកត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ ដែលបានធ្វើឱ្យប្រជាពលរដ្ឋមានការចាប់អារម្មណ៍ មកលេងកម្សន្ត។ ប្រាសាទសំបូរព្រៃគុកស្ថិតនៅភូមិសំបូរឃុំសំបូរ ស្រុកប្រាសាទសំបូរ​ ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ភាគឦសានទីរួមខេត្តកំពង់ធំ ដោយធ្វើដំណើរតាមផ្លូវ ជាតិលេខ៦២បត់ស្ដាំត្រង់ភូមិកូនត្នោតឃុំជ័យស្រុកកំពង់ស្វាយ។

លោក សេង អាន បញ្ជាក់ថា ក្រោយការដាក់តំបន់ប្រាសាទសំបូរព្រៃគុកក្នុង បញ្ជីបេតិកភណ្ឌពិភពលោកភ្ញៀវទេសចរកមទស្សនាកម្សន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តកំពង់ធំមានការកើនឡើងជាបន្តបន្ទាប់ ដោយយើងមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ល្អនិងមានផលិតផលទេសចរណ៍ថ្មីៗហូត។

លោក សេង អាន បានឱ្យដឹងទៀតថា ក្នុងឆ្នាំ២០១៨នេះខេត្តកំពង់ធំ ទទួលបានភ្ញៀវទេសចរចំនួន៤២១៦៣៤នាក់ ដែលបានមកកម្សាន្តនៅតាមរមណីយដ្ឋាន នានាមានដូចជា៖ រមណីយដ្ឋានវប្បធម៌ និងធម្មជាតិភ្នំសន្ទុក រមណីយដ្ឋានកែច្នៃ ស្ទឹងជីនិត រមណីយដ្ឋានបឹងសំរឹទ្ធ រមណីយដ្ឋានប្រាសាទគុកនគរ និងរមណីយដ្ឋានប្រាសាទសំបូរ ព្រៃគុកជាដើម៕

ដោយ ស៊ុម វណ្ណា