ក្រសួងព័ត៌មានជំរុញការផ្សាយផ្ទាល់ មីទ្ទិញខួបលើកទី ៤០នៃទិវាជ័យជំនះ៧មករា

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ ប៉ុង សុភាវី

 

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានជំរុញការផ្សាយផ្ទាល់ មីទ្ទិញ ខួបលើកទី៤០ នៃទិវាជ័យជំនះ៧មករា នាពេលខាងមុខនេះ ដើម្បីឲ្យសាធារណជនទូទៅបានឃើញពីទិដ្ឋភាព នៃពិធីខួបលើកទី៤០ ទិវាជ័យជំនះ៧មករា ឆ្នាំ២០១៩ ដែលគ្រោងមានអ្នកចូលរួមប្រមាណជាង៦ម៉ឺននាក់។

ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រោមឱវាតក្រសួងព័ត៌មាននៅថ្ងៃទី២ ខែមករា នេះ ឯកឧត្តម មានប្រសាសន៍ថា វិទ្យុជាតិកម្ពុជា និងទូរទស្សន៍ជាតិកម្ពុជា ព្រមទាំងវិទ្យុ និងទូរទស្សន៍ឯកជននានា ត្រូវធ្វើការពិនិត្យឡើងវិញ អំពីការត្រៀមលក្ខណៈថតផ្សាយបន្តផ្ទាល់ពិធីដ៏ធំជាប្រវត្តិសាស្ត្រនេះ ដើម្បីឲ្យមហាជន បានលឺ និងឃើញច្បាស់ពីអត្ថន័យខ្លឹមសារ ក៏ដូចជាទិដ្ឋភាពរួមនៃអង្គពិធីរបស់ជាតិទាំងមូល។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញដល់ក្រុមការងារផ្សព្វផ្សាយ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេសរបស់ទូរទស្សន៍ជាតិ និងវិទ្យុជាតិ គ្រប់ផ្នែកមើលការសាកល្បងចុងក្រោយជាលើកទី២ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមករា ដើម្បីឲ្យការផ្សាយជាក់ស្តែងប្រព្រឹត្តទៅដោយល្អប្រសើរ។

  ការរៀបចំមហាមីទិ្ទញនៃជ័យជំនះ ៧មករាគឺបានបញ្ជាក់ពីការ រស់រានមានជីវិតរបស់ប្រជាកម្ពុជាឡើងវិញ និងការអភិវឌ្ឍរបស់ប្រទេសជាតិ បន្ទាប់ពីបាន ផ្តួលរំលំរបបពលពតបានដោយជោគជ័យនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ទិវាជ័យជម្នះ ៧មករា ឆ្នាំ២០១៩នាពេលខាងមុខនេះ គឺមានលក្ខណៈប្លែកអស្ចារ្យជាងឆ្នាំមុនៗ ដោយមានមហាជនចូលរួមយ៉ាងច្រើនកុះករ រួមជាមួយនឹងការសម្តែងសិល្បៈទ្រង់ទ្រាយធំរហូតដល់ជិត៦០០នាក់ នឹងមានក្បួនដង្ហែរថយន្តបុស្បុកមកពីបណ្តាខេត្ត រាជធានីនៅទៅទំាងប្រទេស ដើម្បីបង្ហាញពីការអភិវឌ្ឍរយៈពេល៤០ឆ្នាំនៃខេត្តរាជធានីរបស់ខ្លួន៕