ខេត្តកណ្តាលរៀបចំ៤ប្រភេទកីឡា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ២០១៩

AKP កណ្ដាល ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ​​– មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាលបានរៀបចំ៤ប្រភេទកីឡា ដើម្បីឱ្យកីឡាករ កីឡា​ការិនី​ចូលរួមប្រកួតប្រជែងពានរង្វាន់ ដើម្បីចូលរួមអបអរសាទរទិវាជ័យជម្នះ៧មករា ឆ្នាំ ២០១៩ នៅទីលានផ្សេងៗពីគ្នា នៅខេត្តកណ្តាល។  លោក ហែម វ៉ារិន អនុប្រធានការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំយុវជន និង កីឡាខេត្ត កណ្តាលមានប្រសាសន៍ថា ខួបអនុស្សារីយ៍លើកទី៤០ ទិវាជ័យជម្នះ៧មករា ឆ្នាំ២០១៩នេះ គឺការិយាល័យ កីឡានៃមន្ទីរអប់រំយុវជន និងកីឡាខេត្តបានដាក់ប្រភេទកីឡា ចំនួន៤ ក្នុងនោះមានរត់ប្រណាំងមហាជន ចម្ងាយ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ ដែលមាន​អ្នក ចូលរួម១៥០នាក់, កីឡាប៉េតង់២០ក្រុម ទាញព្រ័ត្រ១០ក្រុម និងកីឡាបាល់ទាត់ ១០ក្រុម ដែល ប្រភេទកីឡាទាំងនោះបានដំណើរការប្រកួតបណ្តើរៗហើយ ដោយបញ្ចប់ការប្រកួតផ្លូវ​ការនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩។

លោកបានបញ្ជាក់ទៀតថា ការប្រកួតកីឡាអបអរទិវាជ័យជំនះថ្ងៃមករា ការិយាល័យនៃមន្ទីរ អប់​រំយុវជន និងកីឡាខេត្តកណ្តាលបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណង ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ ទិវាជ័យជម្នះ៧មករាជាថ្ងៃប្រវត្តិសាស្រ្ត ដែលប្រជាពល រដ្ឋកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកបានបន្ថែមថា ការរៀបចំកម្មវិធីប្រកួតនេះ ការិយាល័យកីឡានៃមន្ទីរអប់រំយុវជន និង​កីឡា​ខេត្តកណ្តាលចង់បង្ហាញដល់យុវជនជំនាន់ក្រោយថា មានថ្ងៃ៧មករា ទើបប្រទេសកម្ពុជា មានភាពសម្បូរសប្បាយ និងការអភិវឌ្ឍនៅក្រោមម្លប់នៃសុខសន្តិភាពដូចសព្វថ្ងៃ។ជាមួយគ្នានេះ ក្រៅពីចូលរួមអបអរសាទរទិវាជ័យជម្នះថ្ងៃប្រវត្តិសាស្រ្តនេះ ព្រឹត្តិការណ៍ប្រកួត​កីឡាទាំងអស់ក៏ជាការ ចូលរួមបំផុសចលនាកីឡាដល់មហាជនយុវជនឱ្យ​ចូលរួម​គាំទ្រ​អភិវឌ្ឍន៍កីឡាក្នុងមូលដ្ឋាន ដើម្បីសាមគ្គីភាព មិត្តភាព និងបញ្ជៀសយុវជនចេញពីការ​សេព​គ្រឿងញៀនងាកមកលេងកីឡាទទួលបានសុខភាពល្អ និងគុណភាពបច្ចេកទេសក្នុងខេត្តកាន់​តែល្អប្រសើរបន្ថែមទៀតផងដែរ៕

ដោយ ហេង ណាលីន