អ្នកនាំពាក្យរាជរដ្ឋាភិបាលថា ចាប់ពីឆ្នាំ២០១៨ទៅកម្ពុជាទទួលបានសមិទ្ធផលជាច្រើនដែលកើតចេញពីសុខសន្តិភាព

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖


អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ឆ្នាំ២០១៨កម្ពុជាទៅនេះ កម្ពុជាទទួលបានសមិទ្ធផលជាច្រើនដែលកើតចេញពីសុខសន្តិភាព ក្រោមការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋភិបាលកម្ពុជា។


ឯកឧត្តម ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា ឆ្នាំ២០១៨ គឺជាឆ្នាំដែលប្រជាពលរដ្ឋកម្ពុជាបង្ហាញអំណាចជាម្ចាស់ស្រុក តាមរយៈការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួន តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ព្រមទាំងជាឆ្នាំដែលរាជរដ្ឋាភិបាលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់លើការងារថែរក្សាសន្តិភាព សណ្តាប់ធ្នាប់នយោបាយ និងកំណើនជីវភាពរបស់ប្រជាជន មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងកម្មករ កម្មការិនីក្នុងវិស័យឯកជន។


ឯកឧត្តម មានប្រសាសន៍ថា ឆ្នាំចាស់កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខិតខំពុះពារគ្រប់ឧបសគ្គក្នុងការជំរុញការងារការទូត និងនយោបាយលើឆាកអន្តរជាតិ ព្រមទាំងខិតខំគៀងគររកប្រភពធនធាន និងការវិនិយោគ ដើម្បីនាំមកនូវចំណូលសេដ្ឋកិច្ចជូនប្រទេសជាតិ និងប្រជាជនឲ្យកាន់តែមានការរីកចម្រើនឡើងបន្ថែមមួយកម្រិតទៀត។ ឯកឧត្តមបានបន្តថា នៅឆ្នាំ២០១៩នេះ ក៏ដូចជានៅឆ្នាំទៅមនុស្សបន្ត បន្ទាប់ទៀត រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ក្នុងការថែរក្សាសុខសន្តិភាព ដែលជាកត្តានាំមកនូវការអភិវឌ្ឍប្រទេស ជាតិ ការរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយប្រចាំឆ្នាំ និងជំរុញជីវភាពប្រជាជនឲ្យចាកផុតពីភាពក្រីក្រ តាមគោលដៅកំណត់ទុក។ ជាមួយគ្នានេះ ក៏បន្តខិតខំស្វែងរកទីផ្សារនាំចេញផលិតផលបន្ថែម ខណៈពិភពលោកកំពុងធ្វើសង្រ្គាមពាណិជ្ជកម្ម។


សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ដែលជាវីរបុរសឆ្នើមតែមួយគត់ បានដាក់ចេញនយោបាយ ឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមបង្ហូរឈាមក្នុងស្រុក ដោយជោគជ័យនៅចុងឆ្នាំ១៩៩៨ និងបាននាំមកនូវការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។
អ្នកស្រី អេស្ទើរ អាយ(Asther Aye) តំណាងវិស័យឯកជនមួយមកពីប្រទេសមីយ៉ាន់ម៉ា ដែលបានចូលរួមតាំងពិព័រណ៍ពាណិជ្ជកម្មទេសចរណ៍ ក្នុងឱកាសរាជរដ្ឋាភិបាលអបអរសាទរចំពោះសមិទ្ធផលកើតឡើងក្រោមនយោបាយបញ្ចប់សង្គ្រាមស៊ីវិលរបស់សម្តេចតេជោ ហ៊ុន សែន កាលពី២០ឆ្នាំមុន បានលើកឡើងថា កត្តាសុខសន្តិភាពបាននាំឲ្យប្រទេសកម្ពុជាមានការរីកចម្រើនគ្រប់វិស័យទាំងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់៕