នាយករដ្ឋមន្រ្តីឡាវធ្វើជាសហប្រធាននៃកិច្ចប្រជុំ គណៈកម្មាធិការអន្តររដ្ឋាភិបាលនៅវៀតណាម

AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ — ក្រសួងការបរទេសវៀតណាមបានប្រកាសថា នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith នឹងដឹកនាំគណៈប្រតិភូមួយក្រុមទៅកាន់ប្រទេសវៀតណាមដើម្បីចូលរួម នឹងធ្វើជាសហប្រធានកិច្ចប្រជុំលើកទី ៤១ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១៩ ។

នាយករដ្ឋមន្ត្រីឡាវបានធ្វើដំណើរតាមការអញ្ជើញរបស់សមភាគីវៀតណាមរបស់លោក គឺនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ។ កិច្ចប្រជុំលើកទី ៤០ របស់គណៈកម្មាធិការនេះ ត្រូវបានធ្វើឡើងនៅក្នុងប្រទេសឡាវកាលពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ខែកុម្ភៈឆ្នាំ ២០១៨ ។

វៀតណាម និងឡាវ មានទំនាក់ទំនងមិត្តភាពប្រពៃណី ជាពិសេសសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ។
ពាណិជ្ជកម្មរវាងឡាវ និងវៀតណាម បានកើនឡើងដល់ ៩០០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០១៧ ពោល គឺមានការកើនឡើងលើសពី ១០ភាគរយក្នុងសន្ទស្សន៍ប្រចាំឆ្នាំ។ ប្រទេសទាំងពីរបានកំណត់គោលដៅ ៤ប៊ីលានដុល្លារអាម៉េរិកនៅឆ្នាំ ២០២០ ។

ក្រុមហ៊ុនអាជីវកម្មវៀតណាមមួយចំនួនបានវិនិយោគទឹកប្រាក់ចំនួន ៥ប៊ីលានដុល្លារអាម៉េរិកក្នុងគម្រោងចំនួន ២៧៦ នៅក្នុងប្រទេសឡាវ ដែលភាគច្រើននៅក្នុងវិស័យថាមពល សេវាកម្ម ហេដ្ឋារចនា សម្ព័ន្ធ រ៉ែ កសិកម្ម និងព្រៃឈើ៕

(ប្រភព VNAបកប្រែដោយលោក យា ចិន្តាខន្តី)