ក្រសួងធនធានទឹក អំពាវនាវអោយប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះអាកាសធាតុត្រជាក់ដោយសារទទួលរងឥទ្ធិពលព្យុះប៉ាប៊ុក

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន​ បូណា​៖


ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតព្យុះ ដោយសារកម្ពុជានឹងទទួលរងឥទ្ធិពលខ្យល់ព្យុះប៉ាប៊ុក(PABUK) បង្កឲ្យមានធាតុអាកាសចុះត្រជាក់ និងមានភ្លៀងលាយឡំ ខ្យល់បោកបក់ ខ្លាំងៗ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងក្រសួងធនធានទឹក និងឧតុនិយម​ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា ជ្រលងសម្ពាធខ្ពស់ បានចាប់ផ្តើមចុះខ្សោយ ។ ក្នុងសមុទ្រចិនខាងត្បូង មានកើតនូវព្យុះឈ្មោះ ប៉ាប៊ុក ដែលជាព្យុះទី១ប្រចាំឆ្នាំ២០១៩ ។ ព្យុះនេះនឹងវិវត្តខ្លួនទៅជាព្យុះទីហ្វុង(TY PABUK) រួចបន្តដំណើរទៅកាន់ភាគខាងត្បូងប្រទេសថៃ។ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២-៣មករា ត្រជាក់បន្តកើតមាននៅតែបណ្តាខេត្តជាប់ជួរភ្នំក្រវាញ ខេត្តភាគឦសាន និងខេត្តប៉ៃលិនប៉ុណ្ណោះ (ត្រជាក់តែពេលយប់ និងពេលព្រឹកព្រលឹម)។

ប្រភពដដែលបន្តថា ចាប់ពីថ្ងៃទី៣-៤មករា ផ្នែកខ្លះនៃសសរាជធានី-ខេត្តប៉ែកខាងក្រោមរួមនឹងខេត្តកែប កំពត និងព្រះសីហនុ អាចមានភ្លៀងធ្លាក់ពីតិចទៅមធ្យម។

ប្រភពដដែលបាបអំពាវនាវឲ្យបងប្អូនប្រជានេសាទ អ្នកដំណើរតាមសមុទ្រ ជាពិសេសវីរកងទ័ពដែលឈរជើងនៅតាមបណ្តាកោះនានា សូមបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតព្យុះ ដែលអាចនឹងបង្កឲ្យកើតមានភ្លៀងលាយឡំជាមួយខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី៣-៤ មករា”៕