សមាជិក APPF ចំនួន២១ប្រទេស នឹងចូលរួមប្រជុំនៅកម្ពុជានៅពាក់កណ្តាលខែនេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

សមាជិកនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ APPF ចំនួន២១ប្រទេស នឹងចូលរួមប្រជុំនៅកម្ពុជាដែលទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៅពាក់កណ្តាលខែមករា ឆ្នាំ២០១៩នេះ។


ថ្លែងក្នុងកិច្ចប្រជុំស្តពីការរៀបចំធ្វើជាម្ចាស់ផ្ទះវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក នៅវិមានរដ្ឋសភា ព្រឹកថ្ងៃទី២ ខែមករានេះ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថា គណៈប្រតិភូប្រទេសទាំង២១ ដែលនឹងត្រូវមកចូលរួមក្នុងកិច្ចប្រជុំនេះ មានដូចជា៖ អូស្ត្រាលី ឡាវ សហព័ន្ធរុស្ស៊ី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន ហ្វីជី ម៉ុងហ្គោលី ណូវ៉ែលហ្សឺឡង់ ម៉ិចស៊ីកូ ជប៉ុន ថៃ កូរ៉េខាងត្បូង ឈីលី ប៉ាពួញូហ្គីនៀ សិង្ហបូរី ជាដើម។ ឯកឧត្តមបានបន្តថា គណៈប្រតិភូប្រទេសទាំងនេះមានសរុប២៣៩នាក់ ក្នុងនោះស្ត្រី៨៩នាក់ ដោយមិនទាន់គិតពីការចូលរួមពីគណៈប្រតិភូសភាកម្ពុជា។


សភាកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ខែមករា ក្រោមមូលបទស្តីពី «ពង្រឹងភាពជាដៃគូសភាដើម្បីសន្តិភាព សន្តិសុខនិងការអភិវឌ្ឍប្រកបដោយចីរភាព»។
វេទិកាថ្នាក់តំបន់នេះ នឹងត្រូវស្វាគមន៍ដោយព្រះរាជសាររបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថន រោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មុនពិធីបើកជាផ្លូវការនៃមហាសន្និបាតរបស់ថ្នាក់ដឹកនាំស្ថាប័នកំពូលកំពូលៗរបស់កម្ពុជាមានដូចជា៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧។
ឯកឧត្តម ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំ វេទិកាសភា អាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ បានឱ្យដឹងថា ក្នុងនាមសភាកម្ពុជាជាប្រធានដឹកនាំនៃកិច្ចប្រជុំនេះ គឺបានត្រៀមប្រធានបទសំខាន់ទាក់ទងនឹងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច សម្រាប់ដាក់ជូនអង្គប្រជុំពិភាក្សា និងសម្រេចក្នុងការកសាងទំនុកចិត្ត ដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ ការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងតំបន់ និងការពង្រឹងកិច្ចសហប្រតិបត្តិការរបស់សភាក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាប្រកបដោយការទទួលខុសត្រូវ ដើម្បីវឌ្ឍនភាពសង្គម។
វេទិកាAPPF ត្រូវបានបង្កើតឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឆ្នាំ១៩៩៣ ហើយបច្ចុប្បន្នមានសមាជិកពេញសិទ្ធិចំនួន២៧ប្រទេស។
សភាកម្ពុជា បានចូលជាសមាជិកពេញសិទ្ធិនៃវេទិកាសភានេះ កាលពីឆ្នាំ១៩៩៥ ដើម្បីចូលរួមស្វែងសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕