មេដឹកនំាកូរ៉េខាងជើងព្រមានថាប្រទេសលោកនឹងពិចារណាប្តូរយុទ្ធវិធី​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែលញូវអាស៊ី (០២.០១.១៩)

កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងចង់មានទំនាក់ទំនងល្អប្រសើរជាមួយសហរដ្ឋអាមេរិកតែអាចនឹងពិចារណាប្តូរយុទ្ធវិធីថ្មីបើអាមេរិកនៅតែរក្សាការដាក់ទណ្ឌកម្មមកលើប្រទេសកូរ៉េខាងជើងនោះ ។

ក្នុងសារដែលថ្លែងនៅឱកាសអបអរបុណ្យឆ្លងឆ្នាំសកល កាលពីថ្ងៃអង្គារមេដឹកនំាកូរ៉េខាងជើងបានបញ្ជាក់ថា ​“បើសិនជាសហរដ្ឋអាមេរិកមិនរក្សាតាមពាក្យសន្យាដែលខ្លួនបានធ្វើឡើងនៅចំពោះមុខសកលលោក ហើយនៅតែបន្តដាក់ទណ្ឌកម្ម និងការគាបសង្កត់​
ប្រទេសកូរ៉េខាងជើងត្រូវតែបង្ខំចិត្តរិះរកវិធីថ្មី ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសជាតិនិងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម របស់ជាតិ” ។

កាលពីកិច្ចប្រជុំកំពូលរវាងមេដឹកនំាកូរ៉េខាងជើង លោកគីម ជុងអុន ជាមួយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រំា នៅក្នុងប្រទេសសឹង្ហបុរី កាលពីខែ មិថុនា ឆ្នំា ២០១៨ កន្លងមកនេះភាគីទំាងពីរបានចុះហត្ថលេខាលើឯកសារ សម្តែងការប្តេជ្ញាចិត្ត លុបបំបាត់ចោលអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ។ ប៉ុន្តែ ចាប់តំាងពីថ្ងៃនោះ មក គេសង្កេតឃើញថា ភាគីទំាងពីរបានបង្ហាញនូវសកម្មភាព តិចតួចណាស់ ទាក់ទងនឹងការប្តេជ្ញាចិត្តនេះ ។​