មនុស្ស​៤នាក់រងរបួសពេលរថយន្តមួយគ្រឿងបានបើកបុកចូលក្នុងហ្វូងមនុស្សក្នុងប្រទេសអាល្លឺម៉ង់​

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០២.០១.១៩)

អាល្លឺម៉ង់៖ បុរសជនជាតិអាល្លឺម៉ង់ម្នាក់មានអាយុ ៥០ ឆ្នំា មានចេតនាសម្លាប់ជនបរទេស នៅពេលដែលបុរសនោះបានបើករថយន្តម៉ាកមែរសឺដេសរបស់គាត់សម្រុកទៅបុកហ្វូងមនុស្សដែលភាគច្រើនជាជនបរទេសកំពុងសប្បាយរីករាយទទួលឆ្នំាថ្មីក្នុងទីក្រុងបូត្រុប ស្ថិតនៅភាគពាយ័ព្យ ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារ ដោយធ្វើឲ្យមនុស្ស ៤នាក់រងរបួស ។

តាមសម្តីមន្រ្តីរដ្ឋាភិបាលអាល្លឺម៉ង់មួយរូប បានឲ្យដឹងថា ជននោះបានស្រែកដោយប្រើពាក្យប្រឆំាងនឹងជនបរទេស នៅពេលដែលជននោះត្រូវបានចាប់ខ្លួនបន្ទាប់ពីបានបើកបុកហ្វូងមនុស្ស រួចហើយបើករត់ចេញពីកន្លែងកើតហេតុ ។

​ប៉ូលីស និងព្រះរាជអាជ្ញាបាននិយាយថា ពួកគេសង្ស័យថា ការបើករថយន្តបុកចូលហ្វូងមនុស្សនេះគឺជាអំពើចេតនា និងទាក់ទងទៅនឹងគំនិតស្អប់ខ្ពើមជនបរទេស របស់អ្នកបើករថយន្តនោះ ។​