អាជ្ញាធរបង្ហាញថាប្រជាពលរដ្ឋមានការយល់ដឹងច្រើនក្នុងការថែរក្សា អនាម័យបរិស្ថានបានល្អក្នុងពិធីអបអរសាទរវិមានឈ្នះឈ្នះ

វិទ្យុជាតិកម្ពុជា៖ ដោយកញ្ញាអត្ថបទ កញ្ញា សូលី ដា
ភ្នំពេញ៖មន្រ្តីសាលារាជធានីភ្នំពេញបានអះអាងពីភាពជោគជ័យនៃការគ្រប់គ្រងសំរាមនិងអនាម័យបរិស្ថានបានល្អក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ទំាង៣ថ្ងៃដែលធ្វើឲ្យតំបន់នេះនៅតែរក្សាបានភាពស្អាត​​និងអនាម័យ​បរិស្ថានល្អ សម្រាប់បង្អួតភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានសម្តែងការកោតសរសើរ ប្រជាពលរដ្ឋខ្មែរដែលមានការយល់ដឹងច្រើនពីការទុក​ដាក់សំរាមអោយបានត្រឹមត្រូវក្នុងធុងសំរាម រួមទំាងការគ្រប់គ្រងផែនការប្រមូលសំរាមរបស់​អាជ្ញាធរបានល្​អប្រសើរ​ផង​នោះ បានធ្វើអោយបរិវេណនៃកន្លែងប្រារព្ធពិធី នៅតែរក្សាបានភាពស្អាតជាប់ជាប្រចាំ។

ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារវិទ្យុជាតិកម្ពុជា លោក កៀត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានី​ភ្នំពេញបានមាន​ប្រសាសន៍អោយដឹងថា នៅក្នុងឱកាសពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ និងឆ្លងឆ្នាំសកលក្នុងរយៈពេលបីថ្ងៃ នៅតំបន់ជុំវិញ​បរិវេណវិមាន ឈ្នះ ឈ្នះ នៅតែរក្សាបាននៅភាពស្អាត គ្មានសំរាមរាយប៉ាយឡើយ។

លោកបញ្ជាក់ថា អជ្ញាធរបានពង្រាយកញ្ឆេ និងធុងសំរាមនៅគ្រប់ច្រកល្ហក នៃបរិវេញកន្លែងប្រារព្ធពិធីដើម្បី​បង្កលក្ខណៈ​ងាយស្រួលដល់ប្រជាពលរដ្ឋបានបោះចោលសំរាមបានត្រឹមត្រូវក្នុងធុងសំរាម។បន្ថែមពីនេះទៀត មន្ទីរក៍បានចុះអប់​រំប្រជា​ពល​រដ្ឋ និងធ្វើយុទ្ធនាការផ្សព្វផ្សាយផ្សេងៗទៀត ដើម្បីអោយប្រជាពលរដ្ឋកាន់តែមានការយល់ដឹង​ក្នុងការទុក​ដាក់សំរាម​អោយមានសណ្ដាប់ធ្នាប់។

សំលេង៖ «ក្នុងយុទ្ធនាការនេះយើងមានក្រុមការងារចូលរួម១០០នាក់មានខាងមន្ទីរបរិស្ថាននិងស្ថាប័នផ្សេងៗទៀត រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលរាជធានីគាត់ដឹកនាំរៀបចំនិងទទួលក្នុងការទុកដាក់អោយបានត្រឹមត្រូវ បានពង្រាយកញ្ឆេសំរាមចំនួន៣០០និងធុងសំរាមចំនួន២០០ធុងផងដែរ»។
លោក ផារ៉ាវី យុវជនម្នាក់មកពីខេត្តរតនៈគីរី បានសម្តែងការកោតសរសើរចំពោះអាជ្ញាធរដែលបានថែរក្សា​អនាម័យ​បរិស្ថាន​បានល្អស្អាតនៅកន្លែងប្រារព្ធពិធីសម្ពោធវិមាន អនុស្សាវរីយ៍នយោបាយឈ្នះឈ្នះនេះ ដើម្បីអោយទីនេះ​កាន់តែ​មានសោភណ័ភាពស្រស់ស្អាត ស្របតាមតម្លៃនៃវិមានឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល។

លោកចង់អោយប្រជាពលរដ្ឋបន្តចូលរួមទុកដាក់សម្រាមអោយបានត្រឹមត្រូវទាំងអស់គ្នា ព្រោះទីក្រុងស្អាតគ្មានសម្រាម​ពាសវាលពាស​កាល បានឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ។

សំលេង៖« ចង់អោយគាត់ចូលរួមថែរក្សាបរិស្ថានពេលញុំយើងវ៉ិចខ្ជប់សំរាមដាក់ក្នុងធុងបានត្រឹមត្រូវ កុំអោយខូចបរិស្ថាន ពិព្រោះនៅទីនេះមានខ្យល់អាកាសល្អ ខ្ញុំគិតឃើញថាទីនេះអាចនិងក្លាយជាគោលដៅទេសចរណ៍ ដោយមាន​ស្តាតអូឡាំពិជនៅចំពីមុខ អាចអោយភ្ញៀវជាតិនិងអន្តរជាតិមកទស្សនាបានកាន់តែច្រើន»។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ ពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ និងឆ្លងឆ្នាំសកលរយៈពេលបីថ្ងៃ អជ្ញាធររាជធានីភ្នំពេញ​នឹងដឹកនាំយុទ្ធនាការសំអាតអនាម័យបរិស្ថានដោយមានអ្នកចូលរួមប្រមាណជាង៧០០នាក់ដើម្បីសំអាតអនាម័យបរិស្ថាននៅតំបន់ជុំវិញបរិវេណវិមាន ឈ្នះ ឈ្នះ ដើម្បីប្រែក្លាយតំបន់នេះជាគោលដៅទេសចរណ៍​នៅក្នុងរាជធានីភ្នំពេញប្រក​បដោយ​ភាពទាក់​ទាញ៕