ប្រជាពលរដ្ឋយ៉ាងច្រើនកុះករសម្រុកទៅលេងកម្សាន្តនៅវិមានឈ្នះឈ្នះរយៈពេលបីយប់បីថ្ងៃ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ៖ដោយអាត ចន្ធូ

ភ្នំពេញ៖   ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានសម្រុកទៅលេងកម្សាន្តនៅវិមានឈ្នះ ឈ្នះមិនចេះដាច់ក្នុងរយះពេលទំាង៣ថ្ងៃនេះ ដោយសារតែតំបន់វិមានអនុស្សាវរីនយោបាយឈ្នះឈ្នះមានការរៀបចំសោភ័ណភាព និងអនាម័យបរិស្ថានបានល្អដែលជាទីទាក់ទាញការចំណាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាក្នុងប្រទេស    កម្ពុជាបាននាំគ្នាមកចូលរួមលេងកម្សាន្តជាលក្ខណៈក្រុមគ្រួសារ ឬមិត្តភក្តិជាក្រុមៗនៅតំបន់វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ទំាងពេលយប់និងពេលថ្ងៃ ដែលបានធ្វើឲ្យតំបន់នេះមានសភាពអ៊ូអរកុះករយ៉ាងក្រៃលែង។

លោក ឈួន ចាន់ណា ជាប្រជាពលរដ្ឋដែលរស់នៅ រាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជា ឲ្យដឹងថានៅតំបន់វិមានឈ្នះឈ្នះ នេះពិតជាងអស្ចារ្យខ្លាំងណាស់ ដោយសារតែនៅតំបន់នេះបានរៀបចំបានយ៉ាងល្អប្រសើរមានក្បូក្បាច់រចនារូបចម្លាក់នៅលើជញ្ជាំងជុំវិញវិមាន ឈ្នះឈ្នះ មានរូបភាពច្បាស់ល្អ ដែលជាទីទាក់ទាញក្រៃលែង។

លោកបន្ដថា ក្រៅពីមានសំណង់វិមានឈ្នះឈ្នះដ៏ល្អប្រណិតនោះ តំបន់នេះមានទីធ្លាធំទូលាយមានខ្យល់អាការល្អបរិសុទ្ធរួមទាំងអនាម័យ បរិស្ថានស្អាត បានអន្ទងចិត្តអោយប្រជាពលរដ្ឋចង់មកម្តងហើយចង់ មកម្តងទៀត។

ចំណែកកញ្ញា អៀង ចាន់ដាវី រស់នៅ រាជធានីភ្នំពេញ ដែលបានអញ្ជើញមកចូលរួមទស្សនាកម្សាន្ដនៅតំបន់វិមាន ឈ្នះ ឈ្នះ បានឲ្យដឹងថា កញ្ញាពិតជាមានអារម្មណ៍រំភើបរីករាយខ្លាំងណាស់ដែល រាជរដ្ឋាភិបាលបានកសាងនូវវិមាននេះឡើង ដើម្បីបង្ហាញពីការរីកចំរើនរបស់ប្រទេសជាតិ។ កញ្ញាបន្ដថា ក្នុងឱកាសចូលរួមទស្សនាកម្សាន្ដនៅតំបន់វិមាន ឈ្នះ ឈ្នះនេះកញ្ញាបានចាប់អារម្មណ៍លើស្ដង់ពិព័រណ៍ របស់កងយោធពលខេមរភូមិន្ទ ដែលមានតួនាទីយ៉ាងសំខាន់ បានជួយការពារប្រទេសជាតិ ការពារប្រជាជន និងជួយថែរក្សាសុខសន្ដិភាពដល់ប្រទេសជាតិទាំងមូលផងដែរ។

សូមបញ្ជាក់ថា វិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ត្រូវបានសាងសង់ឡើងស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ លើផ្ទៃដីជាង៨ហិចតា ដោយត្រូវបានសាងសង់ឡើងតាមស្ថាបត្យកម្មរចនាបថបុរាណខ្មែរ រួមជាមួយនឹងសម័យទំនើបមានរាង៤ជ្រុងស្មើជ្រុងនីមួយៗមានប្រវែង១១៧ម៉ែត្រ នឹងកម្ពស់៥៤ម៉ែត្រ។

សំណង់វិមានឈ្នះឈ្នះគឺជានិមិត្តរូបប្រវត្តិសាស្រ្តដ៏សំខាន់ដើម្បីទុកជាមរតកសម្រាប់កូនខ្មែរជំនាន់ក្រោយ បានដឹងពីស្នាដៃរបស់សម្តេចតេជោហ៊ុនសែនដែលបានបង្រួបបង្រួមជាតិ និងបានបញ្ចប់សង្គ្រាមដោយជោគជ័យបានទាំងស្រុងក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាឆ្នាំ១៩៩៨ ហើយនាំអោយប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅដោយសម្បូរ សប្បាយរហូតមកដល់សព្វថ្ងៃនេះ៕