រុស្ស៊ីសន្យាថា នឹងសងសឹក ប្រសិនបើអាម៉េរិក ដាក់ពង្រាយមីស៊ីលនៅអឺរ៉ុបមែននោះ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨​  — រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ហ្សែហ្គេ ឡាវរ៉ូវ បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីនឹងចាត់វិធានការសងសឹក នៅក្នុងករណីនៃការដាក់ពង្រាយមីស៊ីលអាម៉េរិក ដែលបានហាមប្រាមដោយ​សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យម (INF)នោះ។

លោក ឡាវរ៉ូវ បាននិយាយកិច្ចសម្ភាសន៍មួយ ជាមួយទូរទស្សន៍ ​Rossya-1 TVរបស់​រុស្ស៊ីថា ប្រទេស រុស្ស៊ីស្ថិតនៅក្រោមសម្ពាធជានិច្ច​ពីទង្វើទាំងនេះ ដែលគេយល់ឃើញថា វាជាប្រភេទ​នៃការប្រគួតប្រជែងមួយចំនួន សម្រាប់តួនាទីដ៏លេចធ្លោនៅក្នុងនយោបាយ​ពិភព​លោក។ យើងមើលឃើញថា ទាំងនេះជាឧទាហរណ៍មួយ​ក្នុងចំណោមសកម្មភាពនានា​របស់អាម៉េរិក។

លោកបានសោកស្តាយដែលថា បណ្តាប្រទេសនៅអឺរ៉ុប​បន្តអនុញ្ញាតដល់ហេតុការណ៍​នយោបាយ  អាម៉េរិក នៅពេលដែលវាប្រឆាំងទៅនឹងផលប្រយោជន៍នានាផ្ទាល់ខ្លួនរបស់​ពួកគេ​ ដោយយោងលើការបោះឆ្នោតរបស់ពួកគេប្រឆាំងទៅនឹងដំណោះស្រាយរុស្ស៊ី ចំពោះ​ការរក្សា​សន្ធិសញ្ញា INF ជាឧទាហរណ៍មួយនោះ។

កាលពីថ្ងៃទី២១ ខែធ្នូ មហាសន្និបាទ អ.ស.ប បានបោះឆ្នោតទម្លាក់ចោលនូវដំណោះ​ស្រាយមួយ ដែលបានផ្តូចផ្តើមដោយរុស្ស៊ីក្នុងការគាំទ្រនៃការរក្សាទុក សន្ធិសញ្ញា INFនេះ ដែលទីក្រុងមូស្គូបានសម្តែងការខកចិត្តយ៉ាងខ្លាំង។

លោក ឡាវរ៉ូវ បានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់បណ្តាប្រទេសអឺរ៉ុបនេះ អាចត្រូវ​បានគេពន្យល់មួយប៉ុណ្ណោះថា ជាការយល់ច្រឡំដោយបន្ថែមថា វាគឺផ្តើមចេញពីការលែង​ចង់ឱ្យមានសន្ធីសញ្ញាINF ដើម្បីចាកចេញ ហើយនិងបន្តការគំរាមកំហែង​ដាក់អឺរ៉ុប នៃ​មីស៊ីល​អាម៉េរិក​ដែលបានហាមប្រាមស្ថិតនៅក្រោមសន្ធិសញ្ញានេះ៕

( ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល )