កិច្ចព្រមព្រៀងពាណិជ្ជកម្ម CPTPP ចូលជាធរមានជាផ្លូវការ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨​  — កិច្ចព្រមព្រៀងទូលំទូលាយ និងវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលមានសមាជិកចំនួន ១១ប្រទេសបានចូលជាធរមាននៅថ្ងៃទី៣០ ខែធ្នូ ដែលបង្កើតនូវតំបន់ពាណិជ្ជកម្មសេរីដែលគ្របដណ្តប់ជាងមួយភាគដប់នៃសេដ្ឋកិច្ចពិភពលោក។

កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលត្រូវបានចុះហត្ថលេខាកាលពីខែមីនានេះ គឺជាជោគជ័យមួយនៃកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលជាកិច្ចព្រមព្រៀងមានភាពស្រដៀងគ្នា ដែលរួមមានសហរដ្ឋអាមេរិកជាសមាជិកផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានដកសហរដ្ឋអាមេរិកពីកិច្ចព្រមព្រៀង TPP ភ្លាមៗ បន្ទាប់ពីលោកត្រូវបានជាប់ឆ្នោត។

កិច្ចព្រមព្រៀង CPTPP នឹងកាត់បន្ថយពន្ធលើផលិតផលកសិកម្ម និងឧស្សាហកម្ម កាត់បន្ថយបទបញ្ញត្តិវិនិយោគ និងបង្កើនការការពារកម្មសិទ្ធិបញ្ញា។ ប្រទេសជាសមាជិកទាំង ១១ នៃកិច្ចព្រមព្រៀង CPTPP សង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះនឹងជួយទប់ស្កាត់ការការពារនិយមដែលកំពុងមានការកើនឡើង។

ប្រទេសអូស្ត្រាលី កាណាដា ជប៉ុន ម៉ិកស៊ីកូ នូវែលហ្សេឡង់ និងសិង្ហបុរី បានក្លាយជាសមាជិកទាំង ៦ ដំបូងគេបង្អស់ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ដើម្បីបង្កើតដំណាក់កាលដើម្បីចូលជា ធរមាន។

កិច្ចព្រមព្រៀង CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយបំផុតមួយ ដែលបានបញ្ចប់ និងដកហូតពន្ធចំនួន ៩៨ភាគរយ សម្រាប់ប្រទេសជាសមាជិកទាំង ១១ ជាមួយផលិតផលក្នុងស្រុកសរុប ជាង ១៣,៥ទ្រីលានដុល្លារអាម៉េរិក និងមានទីផ្សារអ្នកប្រើប្រាស់ប្រមាណជិត ៥០០លាននាក់។

កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថា នឹងជួយជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងកាត់បន្ថយភាពក្រីក្រ បង្កើតឱកាសការងារបន្ថែមទៀត និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្ដាប្រទេសជាសមាជិក។

កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ត្រូវបានចុះហត្ថលេខាដោយរដ្ឋជាសមាជិកចំនួន ១១ ដែលរួមមានប្រទេសអូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ីកូ នូវែលហ្សេឡង់ ប៉េរូ សិង្ហបុរី និង វៀតណាម នៅទីក្រុងសាន់ត្យាហ្គោ កាលពីខែមីនា ឆ្នាំ ២០១៨៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)