មហាជនចាប់អារម្មណ៍ខ្លំាងចំពោះស្តង់ពិព័រណ៍តាមវិស័យនានារបស់ក្រសួងស្ថាប័នរដ្ឋនៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ដោយលោក ហុក សុខរិន

ភ្នំពេញ៖  ប្រជាពលរដ្ឋនិងយុវជនចាប់អារម្មណ៍ខ្លំាងចំពោះស្តង់ពិព័រណ៍ការពារជាតិនិងការអភិវឌ្ឍនៅតាមវិស័យនានារបស់ក្រសួងស្ថាប័នរដ្ឋដើម្បីទទួលចំណេះដឹងពីកិច្ចខិខំប្រឹងថែរក្សាបូរណភាពទឹកដីធ្វើឲ្យមានសុខសន្តិភាព និងរីកចំរើនយ៉ាងខ្លាំង។

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានអញ្ជើញទៅទស្សនានឹងកំសាន្តសប្បាយរីករាយមិចចេះដាច់នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រោយពីប្រជាពលរដ្ឋបានទៅទស្សនាសំណង់វិមានអនុស្សាវរីយ៍​នយោបាយឈ្នះឈ្នះរួចហើយនោះ ពួកគេមិនភ្លេចឡើយក្នុងការបន្តអញ្ចើញទៅទស្ស​​នាពិព័រណ៍ការពារជាតិ និងពិព័រណ៍របស់ក្រសួងស្ថាប័ននីតិប្រតិបត្តិ ដែលបានដាក់តំាងបង្ហាញពីសមិទ្ធិផលនានាដែលសម្រេចបានក្នុងរយះពេលជាង២០ឆ្នាំមកនេះ បន្ទាប់ពីប្រទេសជាតិមានសុខសន្តិភាព និងការបញ្ចប់សង្គ្រាមទំាងស្រុងក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែន កាលពីឆ្នាំ១៩៩៨។

លោកឧត្តមសេនីយ៍ត្រីយូ សុវណ្ណ នាយរងសេនាធិការ នៃបញ្ជាការដ្ឋានជាតិប្រឆំាងភេរវកម្មនៃក្រសួងការពារជាតិបានឲ្យដឹងថា ប្រជាពលរដ្ឋដែលមកទស្សនានៅតំបន់វិមានឈ្នះឈ្នះនេះ​បានចាប់អារម្មណ៍លើវិស័យការពារជាតិ ដោយបានសួរនាំពីកិច្ចការពារព្រំដែន ការការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ការចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្រៅប្រទេស ការបោសសំអាតមីន និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា តាមរយៈកងកម្លាំងវិស្វកម្មកម្ពុជា។

លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ថា ការចូលរួមទស្សនារបស់ប្រជាពលរដ្ឋនិងយុវជន ត្រឹមតែបានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់កងយោធពលខេមរភូមិន្ទក្នុងវិស័យបំរើជាតិ កសាងជាតិ និងការពាជាតិរជាប៉ុណ្ណោះទេ តែបានបណ្តុះគំនិតឲ្យប្រជាពលរដ្ឋចេះស្រលាញ់ការពារសុខសន្តិភាព ដែលនាំអោយប្រជាពលរដ្ឋរស់នៅដោយភាពសប្បាយរីករាយ។

ចំណែកលោកសំ លីផេង ជាអ្នកគ្រប់គ្រងស្តង់សហភាពសហព័ន្ធយុវជនកម្ពុជាបានឲ្យដឹងថា ប្រជាពលរដ្ឋក៏បានមកទស្សនាស្តង់សហភាពសហព័ន្ធយុវជនកម្ពុជា និងស្តង់របស់ក្រសួងស្ថាប័នជាតិធំៗមិនចេះដាច់ផងដែរ។ លោកថា ចំពោះប្រជាពលរដ្ឋដែលបានមកទស្សនាស្តង់សហភាព សហព័ន្ធយុវជនកម្ពុជាម្នាក់ៗបានសួរអំពីសកម្មភាពរបស់យុវជនចូលរួមកិច្ចអភិវឌ្ឍន៍ប្រទេសតាមសកម្មភាពនានាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

កញ្ញស៊ីវ លីហង័ ជានិស្សិតផ្នែកច្បាប់មកពីខេត្តកំពង់ចាមបានឲ្យដឹងថា កញ្ញាមកទស្សនាវិមានឈ្នះឈ្នះនេះមានផលចំណេញច្រើនមិនត្រឹមតែបានដឹងពីប្រវត្តិតស៊ូដ៏អង់អាចក្លាហាន របស់សម្តេចតេជោហ៊ុនសែនប៉ុណ្ណោះទេ ប៉ុន្តែបានដឹងពីការអភិវឌ្ឍប្រទេសកម្ពុជាទៅតាមវិស័យនិមួយៗរបស់រាជរដ្ឋាភិបាលក្រោមការដឹងនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា សំណង់វិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះគឺផ្តួចផ្តើមសាងសង់ឡើងដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជានិមិត្ត​រូបប្រវត្តិសាស្រ្តដ៏សំខាន់ដើម្បីទុកជាមរតកសម្រាប់កូនខ្មែរជំនាន់ក្រោយ បានដឹងពីស្នាដៃរបស់សម្តេចតជោដែលបានបង្រួបបង្រួមជាតិ និងបានបញ្ចប់សង្គ្រាមដោយជោគជ័យបានទាំង​ស្រុងក្រោមនយោបាយឈ្នះឈ្នះនាឆ្នាំ១៩៩៨ ហើយនាំអោយប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅដោយសម្បូរ សប្បាយរហូតមកដល់សព្វថ្ងៃនេះ៕