លោកគីមជុងអ៊ុនផ្ញើលិខិតដ៏កម្រមួយទៅកាន់មេដឹកនាំកូរ៉េខាងត្បូង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (៣១.១២.១៨)

កូរ៉េខាងត្បូង៖ មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានផ្ញើលិខិតផ្ទាល់ខ្លួនដ៏កម្រមួយទៅ​មេដឹកនាំកូរ៉េខាងត្បូងលោកប្រធានាធិបតីម៉ូន យ៉ាអ៊ីន ​ដែលបង្ហាញពីឆន្ទៈរបស់លោកក្នុងការជួបប្រជុំម្តងទៀតក្នុងឆ្នាំ ២០១៩ ខាងមុខនេះព្រមទាំងពិភាក្សាអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។

យោងតាមព័ត៌មានពីការិយាល័យរបស់លោកម៉ូន​បានឲ្យដឹងថា ដើម្បីបញ្ចប់អ្វី ៗ ដែលមាននៅក្នុងឆ្នាំ២០១៨ដែលមេដឹកនាំទាំងពីររូបបានជួបគ្នាចំនួនបីដងរួចមកហើយនោះ​មេដឹកនំាកូរ៉េខាងជើងមានបំណងចូលរួមសហការគ្នាឆ្ពោះទៅរកសន្តិភាពនិងភាពចម្រុងចម្រើននៃប្រទេសទាំងពីរនៅក្នុងឆ្នំា ថ្មី ។

មេដឹកនំាកូរ៉េខាងជើងបានសម្តែងការសោកស្តាយចំពោះ​ការពន្យាពេលទស្សនកិច្ចនៅទីក្រុងសេអ៊ូលនៅចុងឆ្នំា ២០១៨
នេះ ដែលអាចជាកិច្ចប្រជុំលើកទីបួន​ក្នុងឆ្នាំ ២០១៨ និងដែលត្រូវបានព្រមព្រៀងគ្នានៅឯកិច្ចប្រជុំកំពូលលើកទីបីរបស់មេដឹកនាំទាំងពីរនៅក្នុងទីក្រុងព្យុងយ៉ាង។តែមេដឹកនំាកូរ៉េខាងជើងបានសម្តែងនូវឆន្ទៈយ៉ាងមុតមាំក្នុងការធ្វើដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងនាពេលអនាគត។