សមាជិកព្រឹទ្ធសភាបាននិយាយថាលោកត្រាំប្តេជ្ញាកំចាត់ក្រុមអាយស៊ីសមុនដកទ័ពចេញពីប្រទេសស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (៣១.១២.១៨)

អាមេរិក៖ សមាជិកព្រឹទ្ធសភាជាន់ខ្ពស់របស់គណបក្សសាធារណរដ្ឋម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថាលោកប្រធានាធិបតីដូណាល់ត្រាំ
សន្យានឹងរក្សាទុកកងទ័ពនៅក្នុងប្រទេសស៊ីរីដើម្បីបញ្ចប់ការងារក្នុងការបោសសំអាតក្រុមរដ្ឋអ៊ីស្លាមដែលហៅកាត់ថាអាយស៊ីសឲ្យអស់ ដែលការសន្យានេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការលោកប្រកាសដកកងទ័ពចេញពីប្រទេសស៊ីរីភ្លាមៗ។

នៅពេលដែល ត្រាំបានបង្ហោះសារក្នុងបណ្តាញសង្គមធ្វឺតធឺរ កាលពីថ្ងៃទី ១៩ ខែធ្នូថា: “យើងបានកម្ចាត់ក្រុមអាយស៊ីសនៅក្នុងប្រទេសស៊ីរីអស់ហើយ” ពាក្យសម្តីនេះ បានធ្វើឲ្យមន្រ្តីយោធានិងក្រុមអ្នកជំនាញផ្នែកសន្តិសុខជាច្រើននាក់និយាយថាគាត់កំពុងនិយាយបំផ្លើសអំពីករណីនេះហើយក៏ព្រមានកុំឲ្យមានការដកទ័ព ឆាប់រហ័សពេក ។

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោកហ្សីម ម៉ាទីស បានលាលែងពីតំណែងបន្ទាប់ពីការប្រកាសការដកទ័ពចេញពីប្រទេសស៊ីរីនេះ និងបានកើតឡើងនៅចំថ្ងៃ ដែលមន្ដ្រីអាមេរិកមួយចំនួនបាននិយាយថាលោក ត្រាំក៏មានគម្រោងដកទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានផងដែរដោយរបាយការណ៍មួយចំនួនបានបង្ហាញថាពាក់កណ្តាលនៃកងទ័ពជាង ១៤.០០០ អាចនឹងដកចេញពីប្រទេសអាហ្វកានីស្ថាន ។