កាំជ្រូចបែប3Dត្រូវបានអុជ រយៈពេល៤៥នាទី ដើម្បីអបអរពិធីសម្ពោធវិមានឈ្នះ ឈ្នះ សម្រាប់ថ្ងៃទី១(មានវីដេអូ)

វិទ្យុជាតិកម្ពុជា​៖​ ដោយ លោក ចន ណារិទ្ធ៖


រាជធានីភ្នំពេញ៖ ពិធីសម្ពោធ វិមាន ឈ្នះ ឈ្នះ និងអបអរសាទរ ខូប២០ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា សម្រាប់ថ្ងៃទី១ នៅថ្ងៃទី២៩ខែធ្នូនេះ មានការដាក់តាំងបង្ហាញនូវសមិទ្ធផលទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនសរុបជាង៨០០ស្តង់ ព្រមទាំងអុជកាំជ្រូចប្រមាណ៤៥នាទី ។


យោងតាមរបាយការណ៏របស់គណៈកម្មការរៀបចំពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ បានឲ្យដឹងថា ពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ មានការរៀបចំក្បួនជាផែនឈររបស់យោធា ចំនួន៥៤ផែន មានកម្លាំងកងទ័ពចំនួន៦.៩៨២នាក់ ផែនមន្ត្រីរាជការ និស្សិត ការឬទ្ធិ យុវជនកាកបាទក្រហម និងមហាជន ជាង៥០០នាក់ ដែលផែនទ័ពត្រូវឈរទាំងអស់ រីឯមហាជន គឺអង្គុយកៅអី ។


សម្រាប់ពិធីសម្ពោធរយៈពេល៣ថ្ងៃនោះ មានអុជកាំជ្រូចបែបថ្មី ៣D រយៈពេល៣ថ្ងៃ សរុបចំនួន២ម៉ោង និង១៥នាទី គឺនៅថ្ងៃទី២៩ បាញ់នៅវេលាម៉ោង១៩មានរយៈពេល៤៥នាទី នៅថ្ងៃទី៣០ បាញ់នៅវេលាម៉ោង១៩ មានរយៈពេល៣០នាទី និងថ្ងៃទី៣១ ដែលជាថ្ងៃឆ្លងឆ្នាំផងនោះ ត្រូវអុជកាំជ្រូច នៅវេលាម៉ោង១២យប់ មានរយៈពេល ១ម៉ោងតែម្តង ។


របាយការណ៏ដដែល បានឲ្យដឹងទៀតថា វិមានឈ្នះ ឈ្នះ ជាសំណង់និមិត្តរូបតំណាងឲ្យវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានហ៊ានលះបង់ជីវិតគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិទាំងមូល ។

សំណង់វិមានឈ្នះ ឈ្នះ ត្រូវបានសាងសង់ឡើងដោយបញ្ជាក់នូវអត្ថន័យដ៏មានសារៈសំខាន់ចំនួន៣ ដោយទី១. កំពូលវិមានដែលជ្រុង៣តំណាងឲ្យនយោបាយឈ្នះ ឈ្នះ ក្រោមការដឹងនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ទី២.គឺតួវិមាន មានជ្រុង៥ តំណាងឲ្យយុទ្ធសាស្ដ្រ ឌីហ្វីត (DIFID) ដែលជាយុទ្ធសាស្ដ្ររំលាយអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម និងទី៣. តួវិមាន មានជ្រុង៧ តំណាងកត្តានាំឲ្យនយោបាយឈ្នះ ឈ្នះ ទទួលបានជោគជ័យ។ សំណង់នេះ ត្រូវបានចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយមានកំពស់ប្រមាណ៥៤ម៉ែត្រ ទទឹង៣៦ម៉ែត្រ និងលំហរផ្ទៃក្រឡានៅបាតខាងក្រោមនៃតួវិមាន ៧ពាន់ម៉ែត្រការ៉េ នៅលើផ្ទៃដីទំហំ៨ហិកតា ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បរិវេណនៃវិមានអនុស្សាវរីយ៍នេះ មានចែកចេញជា៣តំបន់ គឺតំបន់ទី១. តួវិមាន ឈ្នះ ឈ្នះ ដែលបង្ហាញពីនយោបាយឈ្នះ ឈ្នះ ដោយបង្កប់នូវអត្ថន័យទៅលើការធានា៣យ៉ាង យុទ្ធសាស្ត្រទាំង៥នៃការរំលាយអង្គការខ្មែរក្រហម និងកត្តាទាំង៧ដែលធ្វើឲ្យនយោបាយ ឈ្នះ ឈ្នះ ទទួលបានជោគជ័យ នៅជុំវិញតួរវិមានសាងសង់ជាចម្លាក់ហង្ស គ្រុឌ និងរូបដំរីក្បាលបី នាគ និង តោ តំបន់ទី២. គឺតំបន់សាមគ្គីផល ដែលដាំដើមឈើ មានតាំងរថគ្រោះ រថពាសដែក និងយន្តហោះធ្វើសឹកសង្គ្រាមចាស់ៗ និងតំបន់ទី៣ .ជាតំបន់សុខដុមរមណីយកម្ម ដែលមានការសាង់សំណង់តាមរចនាបថប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគុក ប្រាសាទបាយ័ន ជាដើម។
សូមបញ្ជាក់ថា វិមានឈ្នះឈ្នះ បើកសម្ពោធជាផ្លូវការ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងពិធីនេះដែរ ក៏មានការតាំងពិព័រណ៍ពាណិជ្ជកម្ម ពិព័រណ៍ទេសចរណ៍ ម្ហូបអាហារ ក្បួនជិះកង់កម្សាន្ត ការប្រដាល់គុនដណ្តើមខ្សែក្រវ៉ាត់ពិភពលោក អុកចត្រង្គ ប្រណាំងរទះគោ ក្របី រទះសេះ ការប្រគំតន្ត្រី ការសម្តែងរបាំផងដែរ ៕