ផលិតផលខ្មែរស្វែងរកការគាំទ្រក្នុងព្រឹត្តិការណ៍អបអរសារទរខួប២០ឆ្នាំ នៃទិវានយោបាយឈ្នះ ឈ្នះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អាត ចន្ធូ៖


ផលិតផលខ្មែរស្វែងរកការគាំទ្រក្នុងព្រឹត្តិការណ៍អបអរសារទរខួប២០ឆ្នាំ នៃទិវានយោបាយឈ្នះ ឈ្នះ ខណៈលំហូរទំនិញពីក្រៅប្រទេសកំពុងធ្វើឲ្យផលិតផលក្នុងស្រុកប្រឈមការប្រកួតប្រជែងលើទីផ្សារ។ផលិតផលខ្មែរដែលត្រូវបានយកពីតាមបណ្តារាជធានីខេត្ត សម្រាប់ដាក់តាំងបង្ហាញ និងលក់ក្នុងឱកាសសម្ពោធវិមានអនុស្សាវរីយ៍ ឈ្នះ ឈ្នះ និងអបអរទិវាខួប២០ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាទាំងស្រុង ដែលធ្វើឡើងក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូនេះ មានដូចជា៖ ម្ហូបអាហារ សម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ ផលិតផលទេសចរណ៍ ភេសជ្ជៈ គ្រឿងអល័ង្កា ជាដើម។


ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវបានឲ្យដឹងថា គោលបំណងដែលយកផលិតផលកសិកម្មមាន ដូចជា៖ ស្រូវ ក្រឡាច ប៉េងបោះ ល្ពៅ ស្វាយ ត្រប់ ដែលសុទ្ធតែជាបន្លែធម្មជាតិមកដាក់តាំងបង្ហាញ និងលក់នៅក្នុងព្រឹត្តិការណ៍ការចងចាំ នៃនយោបាយបញ្ចប់សង្គ្រាមស៊ីវិល រយៈពេល៣ថ្ងៃ នៅក្នុងរាជធានីភ្នំពេញនេះ គឺដើម្បីស្វែងរកទីផ្សារ លក់ផលិតផលទាំងនេះឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។


សម្លេង៖ តាមពិតយើងឃើញមាននូវសម្ធិផលជាច្រើនទៀតនៅក្នុងខេត្តតាកែវយើង យើងក៏សម្រេចយកត្រឹមប៉ុណ្ណឹងមុខយកមកដើម្បីបង្ហាញ ទ្ឮស្សនិកជន ដើម្បីគាត់ចូលទស្សនាបើមានចាប់អារម្មណ៍អ្វី យើងអាចទំនាក់ទំនង ជាមួយអ្នកប្រចាំការនៅទីនេះផ្ទាល់ ដើម្បីទាក់ទងរកទិញ ហើយជាការពិតណាស់យើងញើញថា ការតាំងពិពរណ៍នេះ គ្រាន់តែជាការបញ្ជាក់បង្ហាញឲ្យឃើញ បងប្អូនទស្សនិកជនយើងឲ្យគាត់បានឃើញផង ការសប្បាយផង ប៉ុន្ដែសំខាន់គឺវាជាការបង្ហាញអំពី សម្ធិផលដែលយើងមានអ្វីនៅក្នុងមូលដ្ឋានខេត្តរបស់យើងទី១ ទី២វាហាក់បីដូចជាការទំនាក់ទំនងគ្នាទីវិញទៅមក វាហាក់បីដូចជាការរកទីផ្សារឲ្យប្រជាកសិកររបស់យើងផង ក៏ដូចជាអ្នកដែលចង់បានផលលិតផលរបស់ខេត្តតាកែវ ឬក៏សម្ភារះមួយចំនួនរបស់ខេត្តមិនទៅរកនៅទីណា អាចរកតាមរយះការតាំងពិរពរណ៍នេះបាន។
លោកស្រី សម្ផស អាជីវករលក់វត្ថុអនុស្សាវរីយ៍ និងគ្រឿងសង្ហារឹមធ្វើពីសិប្បកម្មឈើមានដូចជា៖ ចម្លាក់ព្រះ សត្វពាហនៈ ចង្កឹះ ស្លាបព្រា វែកធ្វើពីដើមត្នោត រំពឹងថា តាមរយៈចូលរួមតាំងពិព័រណ៍នេះ និងជួយឲ្យផលិតផលរបស់ខ្លួន ត្រូវបានពង្រីកទីផ្សារកាន់តែទូលំទូលាយបន្ថែមទៀត។
ក្រសួងពាណិជ្ជកម្ម បានប្តេជ្ញាខិតខំជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលទំនិញពីបរទេស ខណៈជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារនាំចេញនាំចូលមានភាពលម្អៀងខ្លាំង។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍ការងារ ពាណិជ្ជកម្មឆ្នាំ២០១៩ កាលពីសប្តាហ៍មុននេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងបានកំណត់គោលដៅ ជាមួយសូចនាករច្បាស់លាស់ និងបានសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធ ក្នុងការបង្កើតយន្តការអចិន្ត្រៃយ៍ សម្រាប់ជួយអន្តរាគមន៍ការគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីកាត់បន្ថយទំនិញនាំចូល តាមរយៈជំរុញការផ្សព្វផ្សាយ និងជំរុញការតាំងលក់នូវផលិតផលខ្មែរនៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្ម និងអគារលក់ទំនិញនានា ព្រមទាំងជំរុញការនាំចេញផលិតផលរបស់កម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេស តាមរយៈផ្សព្វផ្សាយតាមគេហទំព័រ និងជំរុញការបញ្ជាទិញ ជាដើម។