ក្រសួងព័ត៌មានបង្ហាញសំភារៈឧបករណ៍បច្ចេកទេសបំរើការសផ្សាយ សម័យមុន ក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ សន សាវិន ៖​


ក្រសួងព័ត៌មានបានយករូបភាព និងសំភារៈឧបករណ៍បច្ចេកទេសបំរើការផ្សព្វផ្សាយកាល សម័យមុន មកដាក់តាំងបង្ហាញ នៅក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ។


អ្នកយកព័ត៌មានយើងធ្វើសេចក្ដីរាយការណ៍បន្ថែមអំពីរឿងនេះ៖
ឯឧ.ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ថា រូបភាព និងសំភារៈឧបករណ៍បច្ចេកទេសបំរើការផ្សព្វផ្សាយពីសម័យមុនដែលត្រូវបានយកមកតំាងបង្ហាញនាពេលនេះ មានដូចជា អង្គុលីលេខ ម៉ាស៊ីនថតសំលេងសម័យមុន និងឧបករណ៍ផ្សព្វផ្សាយសម័យបច្ចុប្បន្នមួយចំនួនទៀត។


ឯកឧត្តមបានបញ្ជាក់ថា ឧបករណ៍បច្ចេកទេសទំាងនេះត្រូវបានប្រើប្រាស់នៅក្នុងអគ្គនាយកដ្ឋានវិទ្យុជាតិ កម្ពុជាតាំងពីសម័យ ឆ្នាំ១៩៧៨មក។ ឯកឧត្តមបន្តថា នៅក្នុងស្តង់ពិព័រណ៍របស់ក្រសួងព័ត៌មាននេះដែរកមាន ការដាក់តាំង រូបថត សៀវភៅ កាសែត ទស្សនាវដ្តី របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាហៅកាត់ថាAKP និង អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។


ក្រៅពីនេះ មន្ទីរព័ត៌មានខេត្តរតនគិរីក៏បានយករូបថតចាស់ ទាក់ទងនិងការផ្សព្វផ្សាយកន្លងមក មកដាក់តាំងបង្ហាញផងដែរ ហើយកាន់តែពិសេសថែមទៀតនោះ គឺមានដាក់តាំងបង្ហាញកំណាព្យដែលនិពន្ធដោយឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយមានចំណងជើងថា «អបអរសាទរវិមានឈ្នះ ឈ្នះ ជាចំណងដៃនៃនយោបាយឈ្នះ ឈ្នះ»។


ឯឧ.ទន់ សារ៉ាត រដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ការបង្ហាញសម្ភារៈឧបករណ៍បច្ចេក ទេសដែលបំរើការងារផ្សាយរបស់ក្រសួងព័ត៌មាននៅពេលនេះ ដើម្បីអោយប្រជាពលរដ្ឋបានដឹងនិង ស្វែងយល់ពីការវិវឌ្ឍនៃវិស័យផ្សព្វផ្សាយរបស់ក្រសួងព័ត៌មានតំាងសម័យសង្គ្រាម រហូតមកដល់ សម័យអភិវឌ្ឍន៍ប្រទេសជាតិមានសុខសន្តិភាព។


សូមបញ្ជាក់ថា ក្រសួងព័ត៌មានមានអគ្គនាយកដ្ឋានចំណុះក្រោមឱវាទចំនួន៥ គឺអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ទូរទស្សន៍ជាតិកម្ពុជា ទីភ្នាក់សារព័ត៌មានកម្ពុជា សោធទស្សន៍ និងអគ្គនាយដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ដោយផ្តោតចក្ខុវិស័យជំរុញអោយប្រជាពលរដ្ឋទទួលបានព័ត៌មាន គ្រប់ជ្រុងជ្រោយ ទូលំទូលាយ ប្លែក លឿន និងអាចទុកចិត្តបាន នៅទីណាក៏បាន ពេលណាក៏បាន តាមគ្រប់រូបភាព ដូចជាតាមវិទ្យុជាតិ ទូរទស្សន៍ និងទីភ្នាក់ងារសារព័តមានកម្ពុជា តាមវេបសាយ App និង អ៊ីនធើណេតនិងតាមប្រព័ន្ធផ្កាយរណបតេជោTV ជាដើម៕