អាជ្ញាធរផ្សព្វផ្សាយផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនដល់ពលរដ្ឋនៅវិមានឈ្នះឈ្នះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ វ៉ែន សុវុទ្ឋី ៖


អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការចែកខិតប័ណ្ណ និងផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនដល់ប្រជាពលរដ្ឋ ក្នុងឱកាសសម្ពោធវិមានអនុស្សាវរីយ៍ ឈ្នះ ឈ្នះ និងអបអរទិវាខួប២០ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាទាំងស្រុង ដែលធ្វើឡើងក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូនេះ។
អ្នកយកព័ត៌មានរាយការណ៍បន្ថែម
លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាដ្ឋានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា ក្នុងកម្មវិធីសម្ពោធវិមានឈ្នះឈ្នះនេះអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើទៅលើបីសកម្មភាព ដែលទីមួយ គឺការចង់ពិដារនៅលើផ្លូវសំខាន់ៗនៅទីតាំងប្រារព្ធពិធី ទី២ ការចែកនូវខិតប័ណ្ណ និងព័ត៌មានទាក់ទងពីបញ្ហគ្រឿងញៀនដល់សាធារណជនឲ្យគាត់បានដឹង និងទី៣ធ្វើការតាំងពិព័ណរូបភាពពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ដើម្បីឲ្យប្រជាពលរដ្ឋទូទៅ ក៏ដូចជាមន្រ្តីរាជការដែលមកចូលរួមអបអរពិធីវិមានឈ្នះឈ្នះនេះ បានដឹងនិងឃើញពីបញ្ហគ្រឿងញៀន។ លោកបន្តថា ក៏មានការផ្សព្វផ្សាយពីសារនៃផលប៉ះពាល់ដោយសារគ្រឿងញៀននៅក្នុងការប្រគុំតន្រ្តីធំៗ ក្នុងឱកាសអបអរសារទក្នុងកម្មវិធីសម្ភោធវិមានឈ្នះឈ្នះនេះ ដើម្បីផ្សព្វផ្សាយឲ្យអ្នកចូលរួមទស្សនាទាំងអស់បានដឹង និងបានលឺថែមទៀត ដើម្បីជាប្រយោជន៍ឲ្យពួកគាត់ចូលរួមទប់ស្តាត និងបង្កាខ្លួនគាត់ផ្ទាល់ និងក្រុមគ្រួសារ ពីគ្រោះថ្នាក់នៃគ្រឿងញៀនផងដែរ។
(សំឡេង)អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនតែយកឱកាសដើម្បីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនឲ្យទៅពួកគាត់បានយល់ក្នុងកម្មវិធីសម្ពោធវិមានឈ្នះឈ្នះនេះ។ ក៏ជាថ្ងៃរីករាយនិងថ្ងៃគំរប់ខួប២០ឆ្នាំដែលកម្ពុជាបានបញ្ចប់សង្រ្គាមដោយខ្លួនឯង។ ឆ្លៀតក្នុងឱកាសនេះ ដែលយើងសូមធ្វើការអំពាវនូវដល់យុវជនយុវនារីទាំងសូមជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងសូមផ្សព្វផ្សាយបន្តទៅមិត្តភក្តិពីបញ្ហគ្រឿង។
លោកបានបញ្ជាក់ថា អ្នកប្រើប្រាស់គ្រឿងញៀន មិនអាចចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិបានទេ ដោយសារការប្រើប្រាស់គ្រឿងញៀនបានបង្កភាពអន្តរាយដល់សុខភាពខ្លួនឯង បង្កហិង្សានៅក្នុងគ្រួសារ ក្នុងសហគមន៍ ហើយអាចក្លាយខ្លួនទៅជាជនប្រព្រឹត្តបទល្មើសផ្សេងៗ ពិសេសការប្រព្រឹត្តអំពើចោរកម្ម លួច ឆក់ ប្លន់ និងអំពើឃោឃៅផ្សេងៗទៀត ដែលប្រឈរមុខចំពោះមុខច្បាប់ ។
កញ្ញា គង់ សុខៈ ជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចបានគាំទ្រចំពោះកម្មវិធីបញ្ជ្រាបចំណេះដឹងដល់យុវជនពីបញ្ហាគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រឿងញៀននេះ។ យុវតីរូបនេះ បានលើកឡើងថា ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ពិតជាបង្កបញ្ហាដល់សុខភាព សង្គមគ្រួសារ ក៏ដូចជាសង្គមជាតិទាំង។
សំឡេង៖ «ខ្ញុំសូមអំពាវនាវដល់យុវជនទាំងអស់ថា សូមកុំសេពគ្រឿងញៀន ហើយចូរធ្វើអ្វីដែលល្អសម្រាប់សង្គម ក៏ដូចជាខំរៀនសូត្រដែលសង្គមទទួលស្គាល់។ បើសិនជាយើងសេពគ្រឿងញៀន គឺវាអត់ល្អទេ វាអាចធ្វើឲ្យយើងបាត់បង់សតិ ធ្វើអ្វីអត់ល្អសម្រាប់សង្គម និងអ្នកជិតខាងផងដែរ»
កាលពីដើមឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមបើកយុទ្ធនាការបង្ក្រាបល្មើសគ្រឿងញៀនជាទ្រង់ទ្រាយធំ បន្ទាប់ពីបញ្ហាគ្រឿងញៀន បានបង្កនូវអំពើហិង្សា គ្រោះថ្នាក់ចរាចរ ប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ បង្កការភ័យខ្លាចដល់ក្រុមគ្រួសារ សហគមន៍ និងប្រជាជនទូទៅ៕