ក្រសួងសុខាភិបាលដាក់គ្រូពេទ្យជិត២០០នាក់ ចាំសង្រ្គោះពលរដ្ឋក្នុងពិធីសម្ពោធវិមានឈ្នះ ឈ្នះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ សូលីដា៖


ក្រសួងសុខាភិបាល បានដាក់គ្រូពេទ្យជិត២០០នាក់ ដើម្បីរង់ចាំជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរំពឹងថា អាចមានកំណើនខ្ពស់ ក្នុងឱកាសសម្ពោធវិមានអនុស្សាវរីយ៍ ឈ្នះ ឈ្នះ និងអបអរទិវាខួប២០ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាទាំងស្រុង ដែលធ្វើឡើងក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូនេះ។


លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌិន អគ្គនាយបច្ចេកទេសសុខាភិបាល និងជាអ្នកនាំពាក្យ ក្រសួងសុខាពិបាល បានប្រាប់វិទ្យុជាតិកម្ពុជាថា រយៈពេល៣ថ្ងៃនេះ ក្រុមគ្រូពេទ្យទាំងនេះ ត្រូវបានដាក់ពង្រាយនៅតាមបញ្ជរស្តង់សង្គ្រោះបឋមចំនួន៣កន្លែងធំៗ និងកន្លែងផ្ដល់សេវាចំនួន៣០ស្តង់បន្ថែមទៀត ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានជំងឺផ្សេងៗដូចជា៖ ខ្យល់គ ចុកពោះ វិលមុខ រាគរូស ជាដើម។ ជាមួយគ្នានេះ ក៏បានត្រៀមរថយន្តសង្គ្រោះបន្ទាន់ចំនួន២០គ្រឿង សម្រាប់ជួយសង្គ្រោះក្នុងករណីបន្ទាន់ និងក្រុមគ្រូពេទ្យជិត២០០នាក់ សម្រាប់ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ។ក្រសួងសុខាភិបាលត្រៀមលក្ខណៈដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋប្រសិនបើលោកមានបញ្ហា និងសម្រាប់ ឯកឧត្ដម លោកជំទាវទាំងអស់ដែលបានចូលរួម នៅក្នុងពិធីសម្ពោធវិមានឈ្នះ ឈ្នះ នៅថ្ងៃនេះ។ ក្នុងនេះផងដែល យើងបានរៀបចំក្រុមគ្រូពេទ្យចល័ត និងបីទីតាំងធំៗ ប្រសិនបើមានបញ្ហាអ្វីបងប្អូនអាចរកសេវាជួយសង្គ្រោះបាន។
សូមបញ្ជាក់ថា នៅក្នុងឱកាសពិធីសម្ពោធវិមាន ឈ្នះ ឈ្នះ និងអបអរទិវាខួប២០ឆ្នាំ នៃនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រយៈពេល៣ថ្ងៃនេះ ក្រសួងសុខាភិបាល ក៏បាននាំយកនូវសមិទ្ធផល ដែលបានកើតឡើងរយៈពេល២០ឆ្នាំកន្លងមកនេះ មកដាក់តាំងបង្ហាញសាធារណជនជាតិ និងអន្តរជាតិផងដែរ។
បើតាមអ្នកនាំពាក្យក្រសួងសុខាពិបាល បានបញ្ជាក់ថា សមិទ្ធផលរយៈពេល២០ឆ្នាំនេះ ក្រោម នយោបាយឈ្នះ ឈ្នះ ដែលក្រសួងបានសម្រេចមកនេះ គឺមានការស្ដារហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដាខេត្តដូចជា៖ មន្ទីរពេទ្យបង្អែកនៅតាមស្រុក មណ្ឌលសុខភាពនៅតាមឃុំ ការលុបបំបាត់ជំងឺឆ្លង ជំងឺកញ្ជ្រិល ជំងឺគ្រុនចា់ញ ជំងឺគ្រុនស្វិតដៃជើង ជំងឺតេតាណុស ការលើកកម្ពស់សុខភាពមាតា និងកុមារ ជាដើម៕