ប្រទេសសមាជិកអាស៊ាន និងដៃគូអាស៊ាន ចូលរួមអបអរសារទរទិវានយោបាយឈ្នះ ឈ្នះ នៅកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ប្រទេសសមាជិកអាស៊ាន និងដៃគូអាស៊ាន បានចូលរួមអបអរសារទរទិវានយោបាយឈ្នះ ឈ្នះ នៅកម្ពុជា ដែលត្រូវបានប្រារព្ធធ្វើអ៊ឹកអធិកនៅរាជធានីភ្នំពេញ។
ការចូលរួមអបអរសារទរខួប២០ឆ្នាំ នៃទិវានយោបាយឈ្នះ ឈ្នះ នៅកម្ពុជារបស់ប្រទេសសមាជិកអាស៊ាន និងដៃគូអាស៊ានដែលមានដូចជា៖ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម ចិន ឥណ្ឌា ជាដើមនេះ គឺធ្វើឡើងតាមរយៈការយកផលិតផលផ្នែកទេសចរណ៍ និងវត្ថុអនុស្សាវរីយ៍មកដាក់តាំងបង្ហាញក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍ ឈ្នះ ឈ្នះ និងអបអរទិវាខួប២០ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជាទាំងស្រុង ព្រមទាំងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយ ឈ្នះ ឈ្នះ រយៈពេល៣យប់៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូនេះ។
អ្នកស្រី អេស្ទើរ អាយ(Asther Aye) តំណាងវិស័យឯកជនមួយមកពីប្រទេសមីយ៉ាន់ម៉ា បានលើកឡើងថា កត្តាសុខសន្តិភាពបាននាំឲ្យប្រទេសកម្ពុជាមានការរីកចម្រើនគ្រប់វិស័យទាំងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងអបអរសាទរចំពោះសមិទ្ធផលកើតឡើងក្រោមនយោបាយបញ្ចប់សង្គ្រាមស៊ីវិលកាលពី២០ឆ្នាំមុន ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្កើតឡើងដើម្បីធ្វើឲ្យរលាយអង្គការចាត់តាំងរបស់ខ្មែរក្រហម និងការបង្រួបបង្រួមជាតិក្រោមដំបូលខ្មែរតែមួយ។
ពិធីដ៏ធំលើកទី១នៅកម្ពុជានេះ ត្រូវបានធ្វើឡើងលើទំហំផ្ទៃដី៨ហិកតា ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានឥស្សរជន និងគណៈប្រតិភូអន្តរជាតិមកពីប្រទេសវៀតណាម ឡាវ ថៃ និងចិន ចូលរួមជាមួយមហាជនកម្ពុជាប្រមាណជាង៣ម៉ឺននាក់។
ពិធីនេះ មានការតាំងពិព័រណ៍ពាណិជ្ជកម្មរបស់វិស័យឯកជនមានដូចជា ម្ហូបអាហារ សម្លៀកបំពាក់ វត្ថុអនុស្សាវរីយ៍ ផលិតផលទេសចរណ៍ ភេសជ្ជៈ និងពិព័រណ៍នៃសមិទ្ធផលការងាររបស់ក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាសរុបប្រមាណ៦០០ស្តង់ ព្រមទាំងមានការលេងកីឡាដូចជា ជិះកង់ជាក្បួនកម្សាន្ត ប្រដាល់គុនដណ្តើមខ្សែក្រវ៉ាត់ពិភពលោក អុកចត្រង្គ ប្រណាំងរទះគោ ក្របី រទះសេះ ការប្រគំតន្ត្រី ការសម្តែងរបាំប្រណៃ ជាដើម ខណៈក្នុងពេលរាត្រី មានការអុជកាំជ្រួចដ៏ទំនើបមិនធ្លាប់មាននៅកម្ពុជាបែប3Dទាំង៣យប់ សរុបជាង២ម៉ោង ដើម្បីបង្កភាពសប្បាយរីករាយជាមួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ៕