យុទ្ធសាស្រ្តឌីហ្វីតបានផ្តោតលើគោលការណ៍៣ដែលឈានទៅរំលាយក្បាលម៉ាស៊ីនអង្គការចាត់តំាងពួកខ្មែរក្រហមបានយ៉ាងជោគជ័យ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖


ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងពីយុទ្ធសាស្រ្តឌីហ្វីតរបស់សម្តេចដែលមិនគ្រាន់តែជានយោបាយទេ ប៉ុន្តែជាយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធសាស្រ្តដ៏ទៃទៀតដែលបានឈានទៅរំលាយក្បាលម៉ាស៊ីនអង្គការចាត់តំាងនយោបាយនិងយោធារបស់ពួកខ្មែរក្រហមបានយ៉ាងជោគជ័យ ហើយនាំអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានលទ្ធភាពក្នុងការអភិវឌ្ឍប្រទេសអោយរីកចំរើនមកដល់សព្វថ្ងៃនេះ។
ថ្លែងក្នុងពីធិសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំនៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែននាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យយុទ្ធសាស្រ្តឈ្នះឈ្នះរបស់សម្តេចអនុវត្តន៍សម្រេចបានជោគជ័យ គឺដោយសារតែសម្តេចបានសិក្សាស្វែងយល់ស៊ីជម្រៅអំពីគោលបំណងនៃតម្រូវការការយ៉ាងជាក់លាក់របស់នាយទាហាន ពលទាហានរបស់ខ្មែរក្រហមបន្ទាប់ពីពួកគេត្រូវចុះចូលជាមួយនឹងរាជរដ្ឋាភិបាល។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានអះអាងថា ខ្លឹមសារស្នូលនៃនយោបាយ ឈ្នះឈ្នះនេះបានផ្តោតកក្តា៣សំខាន់ ដែលធ្វើឲ្យពួកខ្មែរក្រហមទំាងអស់ជឿជាក់នឹងចុះចូលជាមួយ រាជរដ្ឋាភិបាលដោយសន្តិភាពគ្មានអំពើហិង្សា។
សម្លេង«ទីមួយ ការធានាអាយុជីវិតនិងរូបកាយ ដែលជាបញ្ហាដ៏សំខាន់បំផុតចំពោះអ្នកដែលបានផ្តាច់ខ្លួនពីខ្មែរក្រហមមិនត្រូវទទួលបានការចាប់ចងឬការធ្វើទុកបុកម្មិញរហូតដល់ការសម្លាប់នោះទេ។ យើងធ្វើដោយប្រុងប្រយត្ន័បំផុតដែលធានាអាយុជីវិតរបស់ពួកគេ។ ទី២ ការធានាអាជីព និងមុខរបរ ចំណុចនេះយើងខ្ញុំហានទុកអោយអង្គភាពមួយៗគ្រប់គ្រងដោយខ្លួន ឯង បើចុះចូលមួយកងពល កងពលនោះត្រូវគ្រប់គ្រងទំាងមេទំាងកូន កាំភ្លើងរក្សាទុកដ៏ដែល គ្រាន់តែផ្លាស់ប្តូរឯកសណ្ឋាន ពីឯកសណ្ឋានខ្មែរក្រហមមកជាឯកសណ្ឋានរាជរដ្ឋាភិបាល ពីការអនុវត្តកាតព្វកិច្ចវាយរាជរដ្ឋាភិបាលទៅជាអនុវត្តកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលដើម្បីការពារទឹកដី ចំនុចនេះកន្លែងផ្សេងមិនហានធ្វើតែកម្ពុជាហានធ្វើហើយទទួលបានជោគជ័យ ចំណែកចំណុចទី៣នៃនយោបាយឈ្នះឈ្នះ គឺធានាកម្មសិទ្ធិទំាងចលនទ្រព្យនិងអចលនទ្រព្យ បងប្អូនមានអ្វីគឺរក្សានៅដដែលដូចជាដីធ្លី ផ្ទះសម្បែង រថយន្ត និងទ្រព្យសម្បត្តិជាដើម»។
សូមបញ្ជាក់ថា ការអនុវត្តនយោបាយឈ្នះឈ្នះនេះបានដាក់ចេញជាជំហានដំបូងនៅតំបន់ឱរ៉ាល់ហើយទទួលបានជោគជ័យជាបន្តបន្ទាប់ ដោយបានធ្វើអោយកម្ពុជាសម្រេចបានជោគជ័យនៃការអនុវត្តយុទ្ធសាស្រ្តនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោទំាងស្រុង ហើយប្រកាសបញ្ចប់ ភ្លើងសង្គ្រាមផ្ទៃក្នុងពេញផ្ទៃប្រទេសនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ហើយនាំអោយប្រទេសកម្ពុជាមានការបង្រួបបង្រួមជាតិ សុខសន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យមកដល់សព្វថ្ងៃនេះដែលមានរយះពេល២០ឆ្នាំហើយ៕