សិលាចារឹកនយោបាយឈ្នះឈ្នះបង្ហាញពីការបង្រួបបង្រួមជាតិ នឹងការបញ្ចប់សង្គ្រាមដោយជោគជ័យនាឆ្នាំ១៩៩៨

វិទ្យុជាតិកម្ពុជា៖អត្ថបទដោយលោ ហុក សុខរិន

ភ្នំពេញ៖សិលាចារឹកនយោបាយឈ្នះឈ្នះបានបង្ហាញពីភាពជោគជ័យរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្រួបបង្រួមជាតិ នឹងការបញ្ចប់សង្គ្រាមដោយជោគជ័យនាឆ្នាំ១៩៩៨។
នៅក្នុងឱកាសប្រារព្ធពិធីក្រុងពាលីដើម្បីសុំសេចក្តីសុខសប្បាយនិងសុខសុវត្ថិភាពនៃការរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នៅរសៀលថ្ងៃទី២៨ ខែធ្នូនេះសម្តេចពិជ័យសេនា ទៀ បាញ់ បានទាញស្បៃសិលាចារឹកនៅមុខវិមានឈ្នះឈ្នះដោយមានខ្លឹមសារស្តីពី ជោគជ័យនៃនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានធ្វើឲ្យរបបប្រល័យពូជសាសន៍ ប៉ុលពតត្រូវបានដួលរំលំទំាងស្រុង ទំាងអង្គការចាត់ តំាងនយោបាយ ទំាងអង្គការចាត់តំាងយោធាធ្វើអោយប្រទេសជាតិទំាងមូល មានសន្តិភាព ពេញលេញ មានការឯកភាពជាតិនិងឯកភាពទឹកដីទំាងស្រុងចាប់ពីចុងទសវត្សរ៍ឆ្នាំ១៩៩៨។
ឃ្លាទី២នៃសិលាចារឹកនេះបានអះអាងថា ចាប់តំាងពីពេលនោះមកកម្ពុជាបានបោះជំហានយ៉ាងរឹងមាំ លើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យសហប្រតិបត្តិការនិងអភិវឌ្ឍន៍។ ប្រជាជនកម្ពុជាបានរស់នៅដោយសុខដុមរមនាក្នុងសង្គមជាតិដោយគ្មានការរើសអើងអំពីអតីតកាល ឬនិន្នាការនយោបាយឡើយ។ សន្តិភាពនិងស្ថេរភាពនយោបាយបានផ្តល់ឱកាស ដ៏មានតម្លៃឧត្តុង្គឧត្តមបំផុតដែលពុំធ្លាប់មាន ដល់ប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍជាតិមាតុភូមិ។
ចំណែកនៅឃ្លាចុងបញ្ចប់នៃសិលាចារឹកដ៏មានអត្ថន័យនេះ ក៏បានអះអាងថា អាស្រ័យដោយសារតែនយោបាយឈ្នះឈ្នះមានគុណតម្លៃជាប្រវត្តិសាស្រ្តដ៏ធំធេង យើងបានកំណត់យកថ្ងៃអង្គារ១២កើតខែបុស្ស ឆ្នាំខាល សំរិទ្ធិសក័ ពស ២៥៤២ ត្រូវនឹងថ្ងៃទី២៩ខែធ្នូ ឆ្នាំ១៩៩៧ ជាទិវានយោបាយឈ្នះឈ្នះ ដោយបានសាងឡើវិមានឈ្នះឈ្នះ ដើម្បីចារិកតម្កល់ និមិត្តិរូប វត្ថុតាង និងសមិទ្ធិផលដ៏មហាសាល ទុកជាការចងចាំ និងជាមរតកសម្រាប់មនុស្សជំនាន់ក្រោយតរៀងទៅ។
សូមបញ្ជាក់ថា សិលាចារឹកនេះ ត្រូវបានដាក់តំាងនៅច្រកឡើងទៅកាន់វិមានអនុស្សារីវនយោបាយឈ្នះឈ្នះៗ។
វិមានអនុស្សាវរីនយោបាយឈ្នះឈ្នះដែលយកគំរូតាមប្រាង្គប្រាសាទនានា ត្រូវបានចាប់ផ្ដើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងទំហំផ្ទៃដី ៨ហិចតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីទុកជាមរតកសម្រាប់កូនខ្មែរជំនាន់ក្រោយ បានដឹងពីស្នាដៃរបស់សម្តេចតេជោហ៊ុនសែនដែលបានបង្រួបបង្រួមជាតិ និងបានបញ្ចប់សង្គ្រាមដោយជោគជ័យបានទាំងស្រុងក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាឆ្នាំ១៩៩៨ ហើយនាំអោយប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅដោយសម្បូរ សប្បាយរហូតមកដល់សព្វថ្ងៃនេះ៕