ពិធីសូត្រមន្តក្រុងពាលី ដើម្បីសុំសេចក្តីសុខសេចក្តីសប្បាយសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ដោយលោកហុក សុខរិន

ភ្នំពេញ៖រាជរដ្ឋាភិបាលបានរៀបចំពិធីពិធីសូត្រមន្តក្រុងពាលី ដើម្បីសុំសេចក្តីសុខសេចក្តីសប្បាយ សុខសវុត្ថិភាពនៃការរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងអបអរសាទរខួបលើកទី២០នៃការបញ្ចប់សង្គ្រាមស៊ីវិលអោយបានប្រព្រឹត្តទៅដោយរលូនជោគជ័យក្នុងរយៈពេលទំាង៣ថ្ងៃគឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៨នេះ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកជំទាវ មន្រ្តីរាជការ កងកម្លំាងប្រដាប់អាវុធដែលជាសមាជិកគណៈកម្មការ លេខធិការដ្ឋាន និងអនុគណៈកម្មការរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយនយោបាយឈ្នះឈ្នះទំាងអស់បានចូលរួមក្នុងពិធីសូត្រមន្តក្រុងពាលីបួងសួងសុំសេចក្ដីសុខនៅរសៀលថ្ងៃទី២៨ ខែធ្នូនេះ ដើម្បីឲ្យដំណើរការនៃពិធិសម្ពោធវិមានអនុស្សាវរីយនយោបាយឈ្នះឈ្នះបានប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។
ពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខសេចក្តីចម្រើនដែលបានរៀបចំធ្វើឡើងនៅក្នុងបរិវេណមុខវិមានអនុស្សាវរីយនយោបាយឈ្នះឈ្នះនេះ បានប្រព្រឹត្តទៅយ៉ាងមហោឡារឹកជាទីបំផុតតាមគន្លងប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា របស់ខ្មែរ ដោយមានការយាងនិមន្តដោយ សម្តេចមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនិងព្រះរាជាគណៈ សូត្រមន្តចំរើនព្រះបរិត្តនិងស្វាធ្យាជយន្តោ។
សម្តេចពិជ័យសេនាធ្លាប់បានឲ្យដឹងថា ការរៀបចំពិធីក្រុងពាលីនេះមានសារះសំខាន់ណាស់ក្នុងបុព្វហេតុបួងសួងសុំសេចក្ដីសុខដើម្បីប្រារព្ធពិធីសម្ពោធវិមានអនុស្សាវរីយនយោបាយឈ្នះឈ្នះនឹងពិធីអបអរសាទរខួបលើកទី២០នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែន បានដំណើរកាដោយជោគជ័យសប្បាយរីករាយ។សម្លេង
យោងតាមកម្មវិធី នៅវេលាព្រឹកថ្ងៃទី២៩ ខែធ្នូស្អែកនេះ ពិធីសម្ពោធវិមានអនុស្សាវរីយនយោបាយឈ្នះឈ្នះ និងអបអរសាទរខួបលើកទី២០នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជាក្រោមការអនុវត្តដោយជោគជ័យ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែន នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន។
សូមបញ្ជាក់ថា វិមានអនុស្សាវរីនយោបាយឈ្នះឈ្នះដែលយកគំរូតាមប្រាង្គប្រាសាទនានា ត្រូវបានចាប់ផ្ដើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងទំហំផ្ទៃដី ៨ហិចតា ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីទុកជាមរតកសម្រាប់កូនខ្មែរជំនាន់ក្រោយ បានដឹងពីស្នាដៃរបស់សម្តេចតេជោហ៊ុនសែនដែលបានបង្រួបបង្រួមជាតិ និងបានបញ្ចប់សង្គ្រាមដោយជោគជ័យបានទាំងស្រុងក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោនាឆ្នាំ១៩៩៨ ហើយនាំអោយប្រទេសជាតិមានសុខសន្តិភាព ប្រជាពលរដ្ឋរស់នៅដោយសម្បូរ សប្បាយរហូតមកដល់សព្វថ្ងៃនេះ៕