ក្លិបវិសាខាបញ្ជាក់ជំហរជាថ្មីពីដំណោះស្រាយវិវាទផ្ទេរកីឡាករនិងប្រកាសរៀបចំថ្នាលយុវជន U14 និងថ្នាលកីឡាការិនីមួយឈុតទៀត

AKP ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ — លោក ហុក សុចិត្រា អ្នកចាត់ការទូទៅក្លិបវិសាខាបានប្រកាស ពីជំហរជាថ្មីពីដំណោះស្រាយ លើវិវាទក្នុងការផ្ទេរកីឡាករ៥នាក់មកពីក្លិបភ្នំពេញក្រោន មកក្លិបរបស់ខ្លួនថា បានដោះស្រាយ បញ្ចប់ដោយសន្តិវិធីទទួលយកបានទាំងសងខាង ក្រោមការផ្សះផ្សាពីសហព័ន្ធកីឡាបាល់ ទាត់កម្ពុជា ក្នុងនាមជាមហាគ្រួសារកីឡាបាល់ទាត់កម្ពុជា ហើយក្លិបវិសាខាក៏បានប្រកាស ពីការរៀបចំក្រុមយុវជនថ្នាលអាយុក្រោម១៤ឆ្នាំ និងថ្នាលកីឡាការិនីមួយឈុតទៀត នាពេល​ខាងមុខ។លោកបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅក្លិបរបស់ខ្លួនថា ក្រោយពីវិវាទត្រូវ បានដោះស្រាយរួចរាល់ហើយនោះលោកមិនចង់​បរិយាយវែងឆ្ងាយជាអ្វីដែលគ្រប់បណ្តាក្លិបនានាមានស្មារតីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡា បាល់ទាត់នៅកម្ពុជាឱ្យកាន់តែរីកចម្រើនោះឡើយ។ លោកបានលើកឡើងពី គោលដៅរបស់​ខ្លួន ដើម្បីផលិតធនធានថ្នាលយុវជនបុរស-នារី នាឆ្នាំ២០១៩ខាងមុខ ខណៈក្លិបវិសាខាមាន កីឡាករបាល់ទាត់ឈុតU17 និងក្រុមឈុតធំត្រៀមការចូលរួមប្រកួតក្នុងក្របខ័ណ្ឌលីគ​កំពូល​កម្ពុជា នារដូវកាលថ្មី ២០១៩ ខាងមុខ។ អ្នកចាត់ការទូរទៅរូបនេះបានទទួលស្គាល់ថា ក្លិប​ភ្នំពេញក្រោនពិតជាអ្នកបណ្តុះបណ្តាល ថ្នាលយុវជនបានច្រើនប្រកបដោយគុណភា​​ព​ពិត​ប្រាកដមែន ហើយក្លិបវិសាខាបានជួយឧបត្ថម្ភលើថ្លៃបណ្តុះបណ្តាល ការហូបចុក ស្នាក់នៅ រៀនសូត្ររបស់កីឡាករទាំង៥នាក់ ដើម្បីបញ្ចប់វិវាទ ប៉ុន្តែការផ្តល់ការឧបត្ថម្ភក្នុង ចំនួនថ្លៃ​ប៉ុន្មាននោះមិនត្រូវបានបង្ហើបឱ្យដឹងឡើយ។​

សូមរបញ្ជាក់ថា ក្លិបវិសាខាគឺជាក្លឹបចំណូលថ្មីនៃលីគកំពូលកម្ពុជា  ក្នុងការបង្ហាញខ្លួន​លើកដំបូង កាលពីរដូវកាល២០១៨ ដោយដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម​១២ក្លិប ហើយបច្ចុប្បន្នក្លិបវិសាខាកំពុងសាងសង់កីឡដ្ឋានរបស់ខ្លួនជិតរួចរាល់​ជាស្ថាពរហើយ ដើម្បីត្រៀមការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រដូវកាលឆ្នាំ២០១៩ខាងមុខ៕​

ដោយ ហេង ណាលីន