រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថាទំនាក់ទំនងកម្ពុជានិងចិនល្អផ្តើមពីការយល់ពីវប្បធម៌គ្នាទៅវិញទៅមក

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអៈអាងថាទំនាក់ទំនងកម្ពុជា និងចិនបឈានដល់កិច្ចសហប្រតិបត្តិការល្អនេះ បានផ្តើមចេញពីការយល់ពីគ្នាទៅវិញទៅមកលើវិស័យវប្បធម៌ និងជីវភាពរស់នៅ។
ថ្លែងក្នុងឱកាសចូលរួមជាអធិបតី ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធីសំនួរអបអរសាទរទិវាបង្កើតចំណងការទូត៦០ឆ្នាំកម្ពុជា-ចិននាព្រឹកថ្ងៃទី២៨ខែធ្នូនេះ នៅស្ថានីយ៍ទូទស្សន៍ជាតិកម្ពុជា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគាំទ្រចំពោះ កម្មវិធីQuiz អបអរសាទរទិវាបង្កើតចំណងការទូត៦០ឆ្នាំកម្ពុជា-ចិន ដែលផ្ដើមឡើងដោយ អាជ្ញាធរឃោសនា នៃគណៈកម្មាធិការបក្សគុម្មុយនីស្តចិន សាខាតំបន់ស្វយ័តជនជាតិជួងក្វាងស៊ី គាំទ្រដោយស្ថានីយ៍វិទ្យុ – ទូរទស្សន៍ក្វាងស៊ី-ចិន, ទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន និងរៀបចំដោយ៖ វិទ្យុសំឡេងសមុទ្រប៉ៃពូក្វាងស៊ី ។
ឯកឧត្តមមានប្រសាសន៍ថា កម្មវិធីនេះបានរួមចំណែកយ៉ាងសំខាន់ផ្តល់ចំណេះដឹងដល់យុវជន កម្ពុជាឆ្ពោះទៅ រកទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
កម្មវិធីនេះ ក៏រៀបចំឡើងដើម្បីអបអរសាទរខួប៤០ឆ្នាំកំណែទម្រង់បើកទូលាយនៃប្រទេសចិន ខួប៦០ឆ្នាំបង្កើតតំបន់ស្វយ័ត្នជនជាតិជួងក្វាំងស៊ីចិន។ ‌‌‌ដោយសម្ពោធនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ក្រោមប្រធានបទរួមពាក់ព័ន្ធវិធានការប្រទេសទាំងពីរបានអនុវត្តដើម្បីរិតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តនៃភាគីទាំងពីរកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ។
កម្មវិធីQuizនេះបានចែកជា វគ្គបឋម និងវគ្គផ្តាច់ព្រ័ត្រដោយមានសំណួរបីប្រភេទ គឺសំណួរត្រូវឆ្លើយ សំណួរដកពិន្ទុ សំណួរចាប់យកដោយបេក្ខជនកម្មវិធីនេះត្រូវបានជ្រើសរើសដោយក្រសួងអប់រំយុវជន និងកីឡា។
ក្រុមទទួលជ័យលាភីលេខ១មកពីសាកលវិទ្យាល័យ Beltei អន្តរជាតិ លេខ២សាកលវិទ្យាល័យកម្ពុជា លេខ៣ក្រុមវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលេខ៤ក្រុមនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ ដោយក្រុមជ័យលាភីទាំងបួននេះទទួលបានរង្វាន់ទូរស័ព្ទទំនើបតាមសេរីផ្សេងៗគ្នា។
សូមបញ្ជាក់ថា កន្លងមកនេះស្ថានីយ៍វិទ្យុ-ទូរទស្សន៍ក្វាងស៊ីបានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទូរទស្សន៍ជាតិកម្ពុជាឱ្យកាន់តែរឹងមាំដោយសហការបង្កើតកម្មវិធីនាទីខ្សែភាពយន្តភាគចិន និងនាទីគំនូរ ជីវចលចិនចាប់តាំងពីខែសីហាឆ្នាំ២០១៤មក។ កម្មវិធីទាំងពីរនេះបានចាក់ផ្សាយភាពយន្តភាគចិន និងគំនូរជីវចលចិន ចំនួនសរុបជាង១៥០០ភាគព្រមទាំងរឿង សាមកុក ជីវិតនាងនីហាវនិងឆាវអាន ដំណើរផ្សងព្រេងលោកគ្រួថាំងចេង កូននិងប៉ាជាដើម៕