បណ្ឌិត្យសភា នគរបាលកម្ពុជា នៅតែបន្ដការរឹតបន្តឹងវិន័យនគរបាល

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ជួន បូណា ៖

ប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជាបានអះអាងថា ស្ថាបន័នេះ នៅតែបន្ដការរឹតបន្តឹងវិន័យនគរបាលជាចម្បង ដើម្បី​​ពង្រឹងអប់រំវិន័យវិជ្ជាជីវៈនគរបាលឲ្យកាន់តែមានក្រមសិលធម៌ មានសមត្ថភាព និងមានគុណភាពក្នុង​ការ​ការ​ពារសន្ដិសុខសណ្ដាប់ធ្នាប់ និងចូលរួមអភិវឌ្ឍន៍សង្គមជាតិ។

ថ្លែងក្នុងពិធីបិទសិក្ខាសាលា៧វគ្គ នៅបណ្ឌិត្យសភានគរបាលជាតិកម្ពុជា នាព្រឹកថ្ងៃទី ២៨ ខែធ្នូ ឯកឧត្ដមឧត្ដម​សេនីយ៍ សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា មានប្រសាសន៍​ថា ក្នុងពេលរាជរដ្ឋាភិ​បាលត្រូវ​ការ​អ្នក​ដែលមានសមត្ថភាព មានចំណេះដឹង និងជំនាញ ដើម្បីចូលរួមកសាងអភិវឌ្ឍន៍​ប្រទេសជាតិឲ្យកាន់​តែរីក​ចំរើន​បន្ថែមទៀត។
ឯកឧត្ដមបានបញ្ជាក់ថា ដោយសារកត្ដានេះ បណ្ឌិត្យសភានគរបាលកម្ពុជាប្រកាន់ភ្ជាប់នូវគោលការណ៍ មិន​លម្អៀង គ្មានការយោគយល់ ការលើកលែង និងអនុគ្រោះអ្វីទាំងអស់ចំពោះសិក្ខាកាមដែលមិនបានគោរពវិន័យ និងមិនបានបំពេញគ្រប់លក្ខខណ្ឌនានាដែលមកសិក្សានៅបណ្ឌិត្យសភានគបាលកម្ពុជា។

ជាមួយគ្នានេះ បណ្ឌិត្យសភានគរបាលកម្ពុជាប្រកាន់ភ្ជាប់នូវវប្បធម៌គុណភាព ដោយរៀប​ចំដំណើ​ការវគ្គ​បណ្ដុះ​បណ្ដាលនីមួយៗ ដោយផ្ដោតការយកចិត្ដទុកដាក់ទៅលើគុណភាព ពោលគឺសិក្ខាកាមទាំងអស់ត្រូវរៀនឲ្យចេះ មិនមែនគ្រាន់រៀនឲ្យចប់នោះទេ ហើយពង្រឹងគុណភាពជាចម្បង។
ឯកឧត្តមបន្តថា ការអនុវត្តដូចច្នេះគឺ បណ្ឌិត្យសភានគរបាលកម្ពជាចង់ឲ្យសិក្ខាកាមទាំង​អស់ក្រោយពេល​បញ្ចប់​ការសិក្សាទៅមានសមត្ថភាព មានអាកប្បកិរិយា ឥរិយាបថល្អ គោរពសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួល​ខុសត្រូវ​ខ្ពស់លើការងារ និងមានការពេញចិត្ដពីថ្នាក់ដឹកនាំ។


សូមបញ្ជាក់ថា សិក្ខាកាមដែលបញ្ចប់កាសិក្សាទំាង៧វគ្គនេះ រួមមាន វគ្គបណ្ដុះបណ្ដាលព័ត៌មានវិទ្យាជំនាញ Database Development ជំនាន់៥ វគ្គបណ្ដុះបណ្ដាលព័ត៌មានវិទ្យាជំនាញNetwork Administrators ជំនាន់៥​វគ្គ​បណ្ដុះបណ្ដាលថ្នាក់ភាសអង្គគ្លេសជំនាញចរាចរណ៍ វគ្គបំប៉នជំនាញ​ប្រឆាំងបទល្មើស​បច្ចេកវិទ្យា​កម្រិត​បឋម​ជំនាន់ទី១ ជំនាន់២ វគ្គបំប៉នជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច និងផលិតផលក្លែងក្លាយ និងវគ្គបំប៉ន​ជំនាញ​កិច្ចប្រតិបត្ដិការប្រឆាំងចារកម្ម៕