វៀតណាមផ្តល់ថវិកា១០លានដុល្លារដើម្បីជួយសាងសង់អគារទីស្តីការក្រសួងការពារជាតិរបស់កម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយ លោក មឹង កុសល៖

ក្រសួងការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានផ្តល់ថវិកាចំនួន១០លានដុល្លារអាមេ រិក ដើម្បីជួយសាងសង់អគារទីស្តីការក្រសួងការពារជាតិកម្ពុជា។ ការជួយលើកនេះ បានធ្វើឡើង នៅក្នុងឱកាស សម្តេចអគ្គមហាសេនាវតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ នាយ​ឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច រដ្ឋមន្រ្តីការពារប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែធ្នូនេះ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបថា នៅ​ក្នុង​​ជំនួបនេះ ឯកឧត្តម ង៉ូ បានសម្តែងការអបអរសាទរ ជូនចំពោះសម្ដេចតេជោ ដែលបានទទួលជោគជ័យ ពីការ​បោះឆ្នោតនាពេលកន្លងមក និងជោគជ័យនៃសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលដទៃទៀត ដែលកម្ពុជាទទួលបាន ក្រោមការដឹកនាំរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី។ ឯកឧត្តម ង៉ូ បានជម្រាបជូនសម្ដេចតេជោ អំពីជំនួបនិងកិច្ចព្រមព្រៀងជាមួយ សម្ដេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយជំនួបនោះ ភាគីទាំងពីរបានពិភាក្សា និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យ ដែល​ទទួលបាន ពីកិច្ចសហប្រតិបត្តិការ ក្នុងឆ្នាំ២០១៨កន្លងមក និងដាក់ទិសដៅសហប្រតិបត្តិការឆ្នាំ២០១៩ ដែល​រួម​មាន​​​កិច្ចការពង្រឹងសមត្ថភាព កងទ័ពនិងកងទ័ព សហប្រតិបត្តិការ ក្នុងការសង្គ្រោះនៅ​ពេលមាន​គ្រោះ​មហន្តរាយ ដោយបញ្ហាទឹកជំនន់ ភ្លើងឆេះព្រៃជាដើម រួមជាមួយនឹងកិច្ចសហប្រតិបត្តិការផ្សេងទៀត។ ឯកឧត្តម ង៉ូ ក៏បានបញ្ជាក់ឲ្យដឹងថា ប្រទេសវៀតណាម បានសម្រេចផ្តល់ថវិកាចំនួន១០លានដុល្លារ សហរដ្ឋអាមេរិក ដើម្បីជួយសាងសង់អគារទីស្តីការក្រសួងការពារជាតិរបស់កម្ពុជា។


ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរ ចំពោះកិច្ចពិភាក្សា និងការ​ចុះ​កិច្ច​ព្រម​ព្រៀងរវាងភាគីទាំងពីរ កម្ពុជា-វៀតណាម ហើយក៏បានលើកទឹកចិត្ត ឲ្យស្ថាប័នទាំងពីរ បន្តពង្រឹង​កិច្ចសហ​ប្រតិ​បត្តិការថែមទៀត ហើយក៏បានផ្តល់អនុសាសន៍ ដល់ឯកឧត្តម ង៉ូ ស៊ុនលិច ផងដែរ ថាពាក់ព័ន្ធទៅ​នឹងកិច្ច​សហប្រតិបត្តិការ សង្គ្រោះគ្រោះមហន្តរាយនោះ គួរគប្បីណា កំណត់ទីតាំងភូមិសាស្រ្តជាក់ស្តែង ថាទីតាំងណា ដែលអាចរងគ្រោះដោយសារទឹកជំនន់ និងទីតាំងណារងគ្រោះ ដោយសារភ្លើងឆេះព្រៃ និងទីតាំងណា​ដែលរង​គ្រោះ ដោយសារជម្ងឺរាតត្បាត ដើម្បីងាយស្រួល ក្នុងការឆ្លើយតប ទៅនឹងគ្រោះមហន្តរាយ​ដែលកើតឡើងទាំង​នោះ ជាពិសេសអាចដោះស្រាយបានភ្លាមៗ។
សម្តេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋាភិបាលវៀតណាម ដែលបានជួយឧបត្ថម្ភថវិកា ជួយកសាងអគារ ទីស្តីការក្រសួងការពារជាតិកម្ពុជា ៕