ប៉ាឡេស្ទីនរិះគន់អ៊ីស្រាអែលថា បំផ្លាញដំណោះស្រាយរដ្ឋពីរដោយការពង្រីកការតាំងទីលំនៅ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ — ក្រសួងការបរទេសប៉ាឡេស្ទីន កាលពីថ្ងៃព្រហស្បតិ៍នេះ បានចោទអ៊ីស្រាអែលពីបទបំផ្លាញដំណោះស្រាយរដ្ឋពីរដោយការបន្តពង្រីកការតាំងទីលំនៅតទៅទៀត​ ។

ក្រសួងនេះបានធ្វើអត្ថាធិប្បាយនៅក្នុងសេចក្តីថ្លែងការណ៍មួយឆ្លើយតបទៅនឹងការអនុម័តយល់​ព្រមរបស់រដ្ឋាភិបាលអ៊ីស្រាអែលឱ្យធ្វើការសាងសង់ក្រុមលំនៅឋានថ្មីប្រហែល ១.៥០០ខ្នងនៅក្នុងវេសបែង ។

ក្រសួងបាននិយាយថា ការធ្វើឱ្យកាន់តែខ្លាំងសកម្មភាពតាំងទីលំនៅរបស់អ៊ីស្រាអែលនៅក្នុងទឹកដី ប៉ាឡេស្ទីនបានគំរាមដល់សន្តិភាព នឹងបានក្លាយនៅដំណោះស្រាយដែលមានជាប្រព័ន្ធ ដើម្បីបំផ្លាញដំណោះស្រាយរដ្ឋពីរ ។

ទិនានុប្បវត្តិអ៊ីស្រាអែល Haaretz  រាយការណ៍ពីថ្ងៃព្រហស្បតិ៍នេះថា រដ្ឋការស៊ីវិលអ៊ីស្រាអែល បានយល់ព្រមឱ្យមានការសាងសង់ក្រុមលំនៅឋាន ១.៤៥០ខ្នងនៅវេសបែង ដោយឡែកផែនការសំណង់ថ្មី១៣ ទៀត នៅមិនទាន់សម្រេចនៅឡើយ​ ។

សកម្មភាពតាំងទីលំនៅអ៊ីស្រាអែលកំពុងត្រូវបានគេចាត់ទុកថា ជាបញ្ហាមួយនៃបញ្ហាដែលស្មុគ្រស្មាញបំផុត ដែលបានរារាំងដល់កិច្ចចរចាសន្តិភាពអ៊ីស្រាអែល  – ប៉ាឡេស្ទីន ដែលបានគាំងដំណើរចាប់តាំងពីឆ្នាំ ២០១៤មក ។

ដំណោះស្រាយរដ្ឋពីរដែលគាំទ្រដោយ អ.ស.ប នោះ គិតទុករួចហើយថា អ៊ីស្រាអែល   និងរដ្ឋឯករាជ្យប៉ាឡេស្ទីនមួយ ដែលមានហ្សេរុយសាឡឹមខាងកើត ធ្វើជារដ្ឋធានីរបស់ខ្លួននោះ នឹងរស់នៅក្បែរខាងគ្នាក្នុងសន្តិភាពនិងសន្តិសុខ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )