អត្រាភាពក្រីក្រនៅទីក្រុងហាណូយធ្លាក់ចុះមកនៅត្រឹម ១,១៦ភាគរយក្នុងឆ្នាំ ២០១៨

AKP ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨​  — គ្រួសារប្រមាណ ១២.០០០គ្រួសារនៅទីក្រុងហាណូយបានរួចផុតពីភាពក្រីក្រនៅក្នុងឆ្នាំនេះ ដែលនាំឱ្យអត្រាភាពក្រីក្រក្នុងទីក្រុងនេះធ្លាក់ចុះមកនៅត្រឹម ១,១៦ភាគរយ ដែលជាគោលដៅសម្រេចបានពីរឆ្នាំមុនកាលកំណត់។

ភាពជោគជ័យរបស់ទីក្រុងនេះក្នុងការកាត់បន្ថយភាពក្រីក្រត្រូវបានគេសន្មតថា ជាការខិតខំប្រឹងប្រែងដើម្បីពង្រីកការអប់រំវិជ្ជាជីវៈ។ នៅក្នុងឆ្នាំនេះ ទីក្រុងហាណូយបានផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបានណែនាំ     ឱកាសការងារដល់មនុស្សជាង ១៩០.០០០នាក់ ដែលមានការកើនឡើង ២៥,១ភាគរយពីឆ្នាំ ២០១៧។

ទីក្រុងនេះក៏បានជួយដល់គ្រួសារក្រីក្រចំនួន ៤.១៦៦គ្រួសារ ដើម្បីសាងសង់ និងជួសជុលផ្ទះសម្បែងរបស់ពួកគេ ព្រមទាំងផ្តល់ឱ្យពួកគេនូវលទ្ធភាពទទួលបានប្រាក់កម្ចីទន់ ដើម្បីចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ពួកគេផងដែរ។

អត្រាគ្មានការងារធ្វើនៅក្នុងទីក្រុងនេះបានធ្លាក់ចុះដល់ ១,៩១ភាគរយ ហើយចំនួននៃកម្មករដែលបានទទួលការបណ្ដុះបណ្ដាលមានចំនួន ៦៣,១៥ភាគរយនៃកម្លាំងពលកម្មក្នុងទីក្រុង។

ក្នុងឆ្នាំ ២០១៩ ខាងមុខ មន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ច មានគោលបំណងផ្តល់ការបណ្តុះ   បណ្តាលវិជ្ជាជីវៈដល់ប្រជាជនចំនួន ២០៥.០០០នាក់ និងបង្កើតការងារដល់ប្រជាជនចំនួន ១៥៤.០០០កន្លែងនៅទីក្រុងហាណូយ។ ផែនការនេះក៏រួមបញ្ចូលនូវផែនការកាត់បន្ថយអត្រាភាពក្រីក្រឱ្យបាននៅត្រឹម ០,៣ភាគរយផងដែរ ហើយធានាថា គ្រួសារអ្នកទទួលគោលនយោបាយទាំងអស់មានជីវភាពរស់នៅមធ្យម។

លើសពីនេះទៀត វានឹងបន្តការពារកុមារ បង្កើនសមភាពយេនឌ័រ និងបង្ការភាពអាក្រក់របស់សង្គម។ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Ngo Van Quy បានជំរុញឱ្យមន្ទីរនេះប្រមូលផ្តុំធនធានប្រកបដោយប្រសិទ្ធភាពគ្រប់បែបយ៉ាង ដើម្បីលុបបំបាត់ភាពក្រីក្រ និងពង្រីកគម្រូកាត់បន្ថយភាពក្រីក្រ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)