ឧបនាយករដ្ឋមន្រ្តីវៀតណាមជំរុញឱ្យបង្កើនកិច្ចសហ​ប្រតិបត្តិការរវាង វៀតណាមនិងកូរ៉េខាងត្បូងកាន់តែខ្លាំងឡើង

AKP ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨​ — ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានស្នើឱ្យប្រទេសវៀណាម និងកូរ៉េខាងត្បូង បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលរួមមានវិស័យការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម អេឡិចត្រូនិក កម្លាំងពលកម្ម និងការច្នៃប្រឌិត ដើម្បីឆ្ពោះទៅកាន់គោលដៅពាណិជ្ជកម្មទ្វេភាគីដែលមានតម្លៃ ១០០ប៊ីលានដុល្លារអាម៉េរិកត្រឹមឆ្នាំ ២០២០ ។

ក្នុងឱកាសទទួលបដិសណ្ឋារកិច្ចសម្រាប់អនុរដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសកូរ៉េខាងត្បូងទទួលបន្ទុកកិច្ចការនយោបាយ លោក Yoon Soon- gu ដែលជាប្រធាន SOM ASEAN នៃកូរ៉េខាងត្បូងលោក Minh បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងអាស៊ាន – កូរ៉េខាងត្បូង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដោយលោកបានអះអាងថា វៀតណាម និងអាស៊ាន រក្សាបាននូវទំនាក់ទំនងជាមួយកូរ៉េខាងត្បូង និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តបង្កើនចំណងទាក់ទងជាក់ស្តែង និងមានប្រសិទ្ធភាពរបស់ខ្លួនដើម្បីសន្តិភាព និងវិបុលភាពនៅក្នុងតំបន់។

ឆ្ពោះទៅពិធីខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងមិត្តភាពអាស៊ាន – កូរ៉េខាងត្បូង នៅឆ្នាំ  ២០១៩ ខាងមុខនេះ​ លោក Minh បានសង្កត់ធ្ងន់ថា វៀតណាមគាំទ្រចំពោះការរៀបចំសន្និសីទរំលឹកខួប      អនុស្សាវរីយ៍អាស៊ាន – កូរ៉េខាងត្បូង ហើយនឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសជាសមាជិក     អាស៊ានដើម្បីធានាឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។

ចំពោះភាគីកូរ៉េខាងត្បូង លោក Yoon បានអះអាងថា កូរ៉េខាងត្បូងមានគុណតម្លៃនៃទំនាក់ទំនងជាមួយវៀតណាម និងអាស៊ាន។ លោកបានគូសបញ្ជាក់អំពីសារៈសំខាន់របស់វៀតណាមក្នុងការអនុវត្តគោលនយោបាយថ្មីខាងត្បូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងក្នុងកិច្ចអភិវឌ្ឍន៍ទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងប្រជាជាតិអាស៊ាន។

យោងតាមស្ថិតិបានឱ្យដឹងថា វៀតណាមជាប្រទេសនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការដោះដូរពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ជាមួយកូរ៉េខាងត្បូង៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)