ចិនបើកការិយាល័យមេធាវីនៅកម្ពុជាដើម្បីជំរុញកំណើនវិនិយោគពីប្រទេសខ្លួនមកកាន់កម្ពុជា

វិទ្យុជាតិកម្ពុជា៖ ដោយលោកវ៉ាងភក្តី
ភ្នំពេញ៖ អង្គភាពផ្តល់ប្រឹក្សាផ្នែកច្បាប់ និងមេធាវីដ៏ធំមួយនៅប្រទេសចិន សម្រេចបើកការិយាល័យនៅកម្ពុជា ដើម្បីជំរុញលំហូរវិនិយោគពីប្រទេសខ្លួនមកកាន់កម្ពុជាឲ្យបានកាន់តែស្របពេលរដ្ឋាភិបាលប្រទេសទាំងពីរបានដាក់ចេញផែនការថ្មី ដើម្បីទទួល បានផលប្រយោជន៍ពីគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់។

ការិយាល័យមេធាវីនៅ ដែលមានឈ្មោះថា Baqian (Cambodia) Counsultingនេះ ត្រូវបានធ្វើពិធីប្រកាសដាក់ឲ្យដំណើរ ការនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែធ្នូកន្លងទៅនេះ ដោយមានក្រុមវិនិយោគិនចិន មកពីខេត្តយុនណាន។
នៅក្នុងពិធីប្រកាសបើកការិយាល័យននេះ ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនចិនចំនួន៤ដែលកំពុងវិនិយោគនៅកម្ពុជាផងដែរ។
ថ្លែងក្នុងពិធីសម្ពោធការិយាល័យមេធាវីនេះ លោក ហាន់ស៊ូ ហ្វ៊ូ តំណាង BAQIAN (Cambodia) Consulting Co., បានមានប្រសាសន៍ថា៖ BAQIAN (Cambodia) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Baqian Law Group នៃខេត្តយុនណាន ដែលមានឯកទេសខាងផ្តល់សេវាផ្នែកច្បាប់ដ៏មានប្រសិទ្ធភាពនិងទាន់ពេលវេលាទៅដល់សហគ្រាសក្នុងស្រុកនិងអន្តរជាតិ។
លោកបានបញ្ជាក់ថា៖«ការបង្កើតការិយាល័យមេធាវីនៅកម្ពុជានេះ គឺអនុវត្តតាម គំនិតផ្តួចផ្តើម ផ្លូវមួយខ្សែក្រវាត់មួយ និងស្របតាមគោលនយោបាយរបស់ប្រទេសចិននិងលោកប្រធានាធិបតី ជិន ស៊ីភីង »។
លោកបានបន្ថែមថា៖គោលបំណងនៃការវិនិយោគផ្នែកច្បាប់នេះ គឺឆ្លើយតបតាមតម្រូវការរបស់ប្រជាជនចិននៅក្នុងប្រទេសកម្ពុជានិងក្រៅប្រទេស ក៏ដូចជាពលរដ្ឋកម្ពុជា និងអន្តរជាតិ ទទួលបានសេវាកម្មពិគ្រោះប្រឹក្សាយោបល់។ការិយាល័យមេធាវី ប៉ាឈាន សន្យានឹងយកបទពិសោធន៍លើវិស័យច្បាប់ដែលមានជាយូរមកហើយរបស់ខ្លួនផ្តល់សេវាកម្មល្អឥតខ្ចោះនិងប្រសិទ្ធភាពខ្ពស់ដល់អតិថិជន។
លោក ឆាវ អ៊ីនទ័រ(Cao Yunte) ប្រធានគណៈកម្មការនាយកនៃក្រុមហ៊ុន Khmer Holdings Group បានថ្លែងថា៖កម្ពុជា-ចិន ប្រៀបដូចជាក្បាលនិងកន្ទុយនៃទន្លេមេគង្គ។ទីក្រុងគុនមីងនិងភ្នំពេញ ជាច្រកពីរដ៏សំខាន់សម្រាប់ការអភិវឌ្ឍខ្សែក្រវាត់ទន្លេមេគង្គ។លោកស្វាគមក្រុមហ៊ុន Baqian Law Group ដែលមកវិនិយោគនៅកម្ពុជា។នៅទីនេះ យើងត្រូវការអ្នកជំនាញផ្នែកច្បាប់ដើម្បីជួយដល់កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០១៨ បានបង្ហាញថា ទុនវិនិយោគផ្ទាល់ពីប្រទេសចិន មកកាន់កម្ពុជាកើនដល់ទឹកប្រាក់ជាង១៧ប៊ីលានដុល្លារអាមេរិក ទៅលើវិស័យដូចជា៖ សំណង់ កសិកម្ម ថាមពល ឧស្សាហកម្មកាត់ដេរ ធនាគារនិងហិរញ្ញវត្ថុ ទូរគមនាគមន៍ និងទេសចរណ៍ ជាដើម៕