សមាគមនារីកម្ពុជាប្រារព្ធពិធីរំលឹកខួបអនុស្សារីយ៏គម្រប់៤០ឆ្នាំ នៃថ្ងៃកំណើត សមាគមនារីកម្ពុជា

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយស្រី ផល
ភ្នំពេញ៖ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍រាជធានីភ្នំពេញបានប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៏ គម្រប់៤០ឆ្នាំនៃថ្ងៃកំណើតសមាគមនារីកម្ពុជា ក្រោមអធិបតីភាពលោកជំទាវកត្តិសង្គហបណ្ឌិតម៉ែន សំអន និងមានសមាជិកសមាគមនារីកម្ពុជា ចូលរួមប្រមាណជាង៦០០ នាក់។
លោកជំទាវកត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចនិងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព បានមានប្រសាសន៏ថា រយៈពេល៤០ឆ្នាំ កន្លងមកនេះ កម្ពុជាបានឆ្លងកាត់នូវដំណាក់កាលជាប្រវត្តិសាស្រ្តយ៉ាងច្រើន ទាំងដំណាក់កាលដែលប្រកបដោយមោទនៈភាពផង និងដំណាក់កាលប្រកបដោយភាពលំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុត ។ ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក្តី ក៏គណបក្សប្រជាជនកម្ពុជា នៅតែរក្សាខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺ ឈរជាមួយប្រជាជនគ្រប់កាលៈទេសៈ ប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលីកម្មឥតរុញរាដើម្បីប្រទេសកម្ពុជាមានសុខសន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ។
លោកជំទាវបានបញ្ជាក់ថា បងប្អូននារីទាំងអស់ នៅតែបន្តរក្សានិងពង្រីកនូវស្មារតីស្នេហាជាតិ និងត្រូវចងចាំថា សន្តិភាពគឺជាកត្តាមូលដ្ឋានគ្រឹះ ដើម្បីធានាបានដល់ដំណើរការរីកចម្រើននៃលទ្ធិ ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា ធានាបានការអភិវឌ្ឍប្រកបដោយសមធម៌ ជីវភាពរស់នៅដ៍សុខសាន្តប្រកបដោយកិតិ្តយសរបស់ប្រជាជន ។
ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិករដ្ឋសភា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ក្នុងរយៈ ពេល៤០ឆ្នាំនារីគ្រប់លំដាប់ថ្នាក់នៅរាជធានីភ្នំពេញ បានបំពេញតួនាទីយ៉ាងសំខាន់កិច្ចចូលរួមអភិវឌ្ឍន៍ប្រទេស ហើយ បានចាក់ឬសទៅដល់ស្រទាប់មហាជន និងបានបំពេញតួនាទីយ៉ាងសំខាន់សក្តិសមជាតំណាងផលប្រយោជន៏របស់នារី និងកុមារនៅទូទំាងប្រទេស៕