ក្រសួងបរិស្ថាន វាយតម្លៃហេតុប៉ះពាល់បរិស្ថាន សម្រាប់គម្រោងសាងសង់ អគារពហុមុខងារនៅខេត្តព្រះសីហនុ

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយស្រីផល

ភ្នំពេញ៖ ក្រសួងបរិស្ថាន ចាប់ផ្តើមបើកការពិភាក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង សង្គមពេញលេញ(ESIA)សម្រាប់គម្រោងសាងសង់ អគារពហុមុខងារ ប្រណិត NANHAI PEARL នៅលើទំហំផ្ទៃដី ៨.៦០៤ម៉ែត្រការ៉េ ខេត្តព្រះសីហនុ ដើម្បីធានាឲ្យសំណង់នេះសាងសង់ទៅស្របតាមច្បាប់មិនប៉ះពាល់ដល់បរិស្ថានសង្គម​។

 

ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថានបានឲ្យដឹងថា សម្រាប់គម្រោងសាងសង់អគារពហុមុខងារប្រណិតនេះមានទីតាំងស្ថិត ភូមិសាស្ត្រភូមិ១ សង្កាត់លេខ៣ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន NqANHAI REAL ESTATE DEVELOPMENT CO., LTD  នេះបានសិក្សាវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា E&A Consultant Co., Ltd.

ឯឧត្តមបានបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរបរិស្ថានខេត្តព្រះសីហនុជាច្រើនរូបចូលរួម។

ឯកឧត្តមបានបន្តថា អង្គប្រជុំបានសម្រេចគាំទ្រលើគម្រោងវិនិយោគនេះពីព្រោះគម្រោងនេះចូលរួមចំណែកអភិវឌ្ឍន៍ទីក្រុង និងសេដ្ឋកិច្ចជាតិ។ ប៉ុន្តែខាងក្រុមហ៊ុនត្រូវរៀបចំប្រព័ន្ធអាងប្រព្រឹត្តកម្មទឹកកខ្វក់រួមមួយមុននឹងបង្ហូរចូលទៅប្រព័ន្ធលូសាធារណៈ និងត្រូវធានាថា អាងប្រព្រឹត្តកម្មសំណល់រាវនេះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសំអាតសំណល់ទឹកកខ្វក់ចេញពីគម្រោងទាំងអស់។ បន្ថែមពីនេះទៀត ក្រសួងបរិស្ថានបានតម្រូវឲ្យក្រុមហ៊ុនត្រូវសហការជាមួយក្រុមហ៊ុនប្រមូលសំរាមដែលមានអជ្ញាប័ណ្ណ ត្រឹមត្រូវ ព្រមទាំងទុកដាក់សំរាម សំណល់រឹងគ្រប់ប្រភេទក្នុងទីតាំងគម្រោង ជៀសវាងទុកដាក់សំរាមនៅ តាមចិញ្ចើមផ្លូវ ឬផ្លូវសាធារណៈដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន៕