ឯកឧត្តម​ ឃួង ស្រេង ណែនាំឲ្យអាជ្ញាធរគ្រប់ខណ្ឌជួលរថយន្តដឹក​ និងប្រមូលសំរាមបណ្តោះអាសន្ន​ បន្ទាប់ពីកម្មករក្រុមហ៊ុនប្រមូលសំរាមប្រមូលផ្ដុំគ្នាធ្វើកូដកម្ម

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ណារិទ្ធ​៖


បន្ទាប់ពីក្រុមកម្មករ​ប្រមូល​សំរាម​របស់ក្រុមហ៊ុន​ ស៊ីនទ្រី​ ប្រមាណជាង​២ពាន់​នាក់​ បានប្រមូលផ្ដុំគ្នាធ្វើកូដកម្ម ដោយបាននាំគ្នា​តវ៉ា​ អត់​ធ្វើ​ការ​ ដោយ​ទាមទារ​ឲ្យ​ក្រុម​ហ៊ុន​ដំឡើង​ប្រាក់​ខែ​នោះ ឯកឧត្តម​អភិបាលរាជធានីភ្នំពេញ បានដាក់វិធានជាបន្ទាន់ដើម្បីដោះស្រាយការកកស្ទះសំរាមនៅរាជធានីភ្នំពេញ ដោយណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១២ ជួលរថយន្តដឹកសំរាមជាបណ្តោះអាសន្ន។

ក្នុងកិច្ចប្រជុំបានផ្តោតលើការងារសន្តិសុខសណ្តាប់ធ្នាប់ កាលពីព្រឹកថ្ងៃទី២៧ខែធ្នូនេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម​ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងបញ្ហាការទាមទារដំឡើង ប្រាក់ខែរបស់កម្មករ កម្មការិនីរបស់ក្រុមហ៊ុនស៊ីនទ្រី និងការធ្វើពហិការមិនប្រមូលសំរាមក្នុងរយៈពេល២ថ្ងៃមកនេះ ។ ឯកឧត្តម​ ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១២ ជួលរថយន្តដឹកសំរាមជាបណ្តោះអាសន្នសិន ទម្រាំបញ្ហាត្រូវបានដោះស្រាយ។

ឯកឧត្តម​អភិបាល បានបន្តថា​ ក្រុមហ៊ុនស៊ីនទ្រី មិនត្រូវរកស៊ីដឹងតែពីចំណេញនោះទេ ត្រូវគិតដល់ពេលខាតខ្លះផង ហើយក្រុមហ៊ុនស៊ីនទ្រី ក៏មិនត្រូវយកប្រជាពលរដ្ឋរាជធានីភ្នំពេញ ធ្វើជាចំណាប់ខ្មាំងរបស់ខ្លួននោះដែរ។ នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញ កំពុងចាត់វិធានការលើការដោះស្រាយ ការកកស្ទះសំរាមតាមដង ផ្លូវនានា ក្នុងរាជធានីភ្នំពេញ នៅពេលដែលកម្មការក្រុមហ៊ុនស៊ីនទ្រី ធ្វើពហិការ មិនប្រមូលសំរាមដូចសព្វដង ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏កំពុងដោះស្រាយ ជាមួយក្រុមហ៊ុនស៊ីនទ្រីផងដែរ។


​ បន្ទាប់ពីមានបទបញ្ជាបែបនេះ​ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក​សុខ​ ពេញវុធ​ អភិបាលខណ្ឌដូនពេញ បានដឹកនាំចុះប្រមូលសំរាមនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ​ នៅតាមដងផ្លូវសាធារណៈក្នុងមូលដ្ឋាន ដោយប្រេីប្រាស់កំលាំប្រជាការពារខណ្ឌសរុប​ ៦០នាក់ ជួលរថយន្តបែនសម្រាប់ដឹកសំរាមចំនួន០៤​ គ្រឿង សាស័រ ចំនួន០១គ្រឿង រថយន្តរដ្ឋបាលខណ្ឌ​០៥គ្រឿង ម៉ូតូកង់បី​របស់រដ្ឋបាលខណ្ឌចំនួន០៤គ្រឿង បានចេញ​ប្រមូល និង ដឹកជញ្ជូន សំអាតទីតាំងដេប៉ូសំរាម គ្រប់ទីកន្លែងក្នុងមូលដ្ឋានខណ្ឌដូនពេញ ឲ្យធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន និងសោភ័ណភាពទីក្រុង ។


សូមបញ្ជាក់ថា កម្មករ​ប្រមូល​សំរាម​របស់ក្រុមហ៊ុន​ ស៊ីនទ្រី​ ប្រមាណជាង​២ពាន់​នាក់​ បានប្រមូលផ្ដុំគ្នាធ្វើកូដកម្ម កាលម៉ោង៧យប់ថ្ងៃទី២៧ខែធ្នូឆ្នាំ២០១៨ នៅ​ការ៉ាស​រថយន្ត​ស៊ីនទ្រី​ ផ្លូវ​បេតុ​បឹង​តា​ម៉ាត​ ភូមិ​ម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ ដោយបាននាំគ្នា​តវ៉ា​ អត់​ធ្វើ​ការ​ ដោយ​ទាមទារ​អោយ​ក្រុម​ហ៊ុន​ តំឡើង​ប្រាក់​ខែ​អោយ​ពួក​គេ​ ចំនួន​១២ដុល្លារ​បន្ថែម​ លើ​ប្រាក់​ខែ​គោលរបស់ពួក​គាត់​បន្ថែមទៀត​ ដោយទាមទារ​លក្ខខណ្ឌ ​ចំនួន៤ចំណុច ដូចជា ៖ ១-សុំអោយក្រុមហ៊ុនទូទាត់ប្រាក់ឈប់សំរាកប្រចាំឆ្នាំដែលនៅសល់ ។​ ២-ទូរទាត់ប្រាក់បំណាច់អតីតភាពការងារតាមប្រកាសលេខ ៤៤៣ ក.ប.ប្រ.ក.ខល។ ៣-ស្នើរសុំតំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ ចំនួន១៥$ សម្រាប់ឆ្នាំ២០១៩ ។ ៤-បញ្ហាផ្សេងៗ ។

​កូដកម្មនេះដឹកនាំដោយសហជីពកម្មករនិយោជិកវិស័យទេសចរណ៍ ដែលដឹកនាំដោយលោក ទូច កុសល។ នៅក្នុង​ការ​តវ៉ា​នេះ​ កម្មករ​ស៊ីនទ្រី​ បានប្រាប់​អោយភ្នាក់ងារសារព័ត៌មានដឹងថា ប្រាក់​ខែ​ពួក​គាត់​ បានចែក​ជា២វេន​ គឺវេនយប់​​និង​ថ្ងៃ​ ដោយ​អ្នក​ធ្វើ​ការវេន​ ថ្ងៃទទួល​បានប្រាក់​ខែ​ចំនួន​៥១ម៉ឺន​ និង​អ្នក​ធ្វើ​ការ​វេន​យប់​ទទួល​បាន​ប្រាប់​ខែ៦១ម៉ឺន​ ហើយ​ពួកគាត់​មាន​នាំគ្នា​ធ្វើការ​តវ៉ា​នេះ​ ដោយ​ពួក​គាត់​ទាមទារ​ អោយ​ខាង​ក្រុម​ហ៊ុន​ តំឡើង​ប្រាក់​ខែ​ចំនួន​១២ដុល្លារ​ លើ​ប្រាក់​ខែ​គោលពួកគាត់​បន្ថែមទៀត​ ព្រមទាំង​អោយ​ក្រុម​ហ៊ុន​ ផ្តល់​សេវ៉ា​ថែមទាំង​សុភាព​ នឹង​មាន​ប្រាក់​បំណាច់​ឆ្នាំ​ និង​ហូប​ចុក​ដូច​ កម្មករ​ កម្ម​ការនី​ រោងចក្រ​ដែរ​ ។

ជាលទ្ធផលក្នុងការដោះស្រាយ ភាគីក្រុមហ៊ុនស៊ិនទ្រី ព្រមព្រាងចំនួន ០៣ចំណុចគឺទី(១.២.៤) ចំពោះចំណុចទី៣ ដែលកម្មករស្នើរសុំតំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំ១៥$បន្ថែម ពីលើប្រាក់ខែបច្ចុប្បន្ន គឺខាងក្រុមហ៊ុនអោយតែ០៦$ប៉ុណ្ណោះ និងតំឡើងអោយ០១$ទៀត នៅខែ០៧ ឆ្នាំ២០១៩ តែខាងកម្មករមិនព្រមទទួលយកដំណោះស្រាយនេះទេ តែបញ្ចុះនៅត្រឹម១២$។

ក្នុង​ហេតុការណ៍​នេះដែរ​ ក៏មានការ​ប៉ះទង្គិច​គ្នា​ រវាង​កម្មករ​ស៊ីនទ្រី​គ្នា​ឯង​ និង​កម្មករ​គ្នា​ឯង​ ដោយ​មាន​អ្នក​ខ្លះ​ចង់​បាន​ប្រាក់​ខែ​ប៉ុណ្ណឹង​ ហើយ​អ្នក​ខ្លះ​ទៀត​ ទាមទារ​តំឡើង​ប្រាក់​ខែ​ ។

ដោយ​ឡែក​ខាង​ក្រុម​ហ៊ុន​វិញ​ ក៏បាន​ហៅ​តំណាង​ខាង​កម្មករ​អោយ​ចូល​ចរចារ​គ្នា​ តែ​ខាង​ក្រុម​ហ៊ុន​ឡើង​អោយ​ដែរ​ តែតំលៃ​ទៀប​ពេក​ គឺត្រឹមតែ៦​ដុល្លារ​ ទើប​ពួក​គាត់ជាកម្មករ​ទទួល​​​យក​មិន​បាន​ គឺទាមទារ​ ១២ដុល្លារ​ ទើប​ព្រម​ចូល​ធ្វើ​ការ​វិញ​ ដូច្នេះហេីយបេីសិនជាការចរចាមិនត្រូវគ្នាទេ ខាងកម្មករមិនព្រមចេញទៅប្រមូលសំរាមវិញឡើយ៕